(ភ្នំពេញ)៖ សហព័ន្ធកីឡារាំកម្ពុជា បានបញ្ជូនកីឡាករ-កីឡាការិនីវ័យក្មេងជាច្រើននាក់ ចូលរួមការប្រកួតកីឡារាំលក្ខណៈអន្ដរជាតិតាមអនឡាញ ហើយបានសម្រេចចិត្តដ៏ល្អប្រសើរ ដោយដណ្ដើមបានចំណាត់ថ្នាក់លេខ១ ដល់ទៅ ៤វិញ្ញាសា។ សមិទ្ធផលនេះត្រូវបានថ្នាក់ដឹកនាំសហព័ន្ធ ចាត់ទុកជាផលល្អមួយ សម្រាប់ត្រៀមស៊ីហ្គេម ឆ្នាំ២០២១ នៅវៀតណាមផង និងស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជាផងដែរ។

លោកស្រី ហង់ ស៊ីមន អគ្គលេខាធិការសហព័ន្ធកីឡារាំកម្ពុជាបានឲ្យដឹងថា ការប្រកួតនេះ រៀបចំដោយសហព័ន្ធកីឡារាំហ្វីលីពីន ដោយមានអត្តពលិក ១០ប្រទេសបានចុះឈ្មោះចូលរួម គឺមានកម្ពុជា ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ជប៉ុន អូស្រ្តាលី ថៃ សិង្ហបុរី រុស្ស៊ី ឥណ្ឌា និងម្ចាស់ផ្ទះហ្វីលីពីន។ ការប្រកួតអនឡាញនេះ ធ្វើឡើងក្នុងគោលបំណងរឹតចំណងមិត្តភាព និងវាស់ស្ទង់សមត្ថភាពកីឡាករ-កីឡាការិនីនៃប្រទេសនីមួយៗ។

លោកស្រីបានបន្ដថា ចំពោះកីឡាករ-កីឡាការិនីកម្ពុជាវិញ បន្ទាប់ពីចូលរួមការប្រកួតខាងលើ សហព័ន្ធបានធ្វើការវាយតម្លៃខ្ពស់ ចំពោះសមត្ថភាព និងបច្ចេកទេសរបស់ពួកគេ មានការកើនឡើងគួរឲ្យកត់សម្គាល់ ពិសេសកីឡាករ-កីឡាការិនីវ័យក្មេង ដែលឆ្លុះបញ្ចាំងឲ្យឃើញនូវភាពរីកចម្រើននៃវិស័យកីឡារាំកម្ពុជា ដើម្បីត្រៀមដំណើរឆ្ពោះទៅការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២១ នៅវៀតណាម និងស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។

ចំពោះលទ្ធផលដែលកីឡាករ-កីឡាការិនីកម្ពុជាទទួលបានពីការចូលរួមព្រឹត្តិការណ៍អន្ដរជាតិនេះ រួមមានវិញ្ញាសា Youth Boy 5 Dance-SCRPJ កីឡាករ ជុំ លីហៀង ដណ្ដើមបានលេខ១, វិញ្ញាសា Youth Girl Cha Cha កីឡាការិនី ម៉ូវ ដានីតា ទទួលបានលេខ១, វិញ្ញាសា Adult Open Boy 3 dance- CRJ កីឡាករ សេង សុគីម ទទួលបានលេខ១ និងវិញ្ញាសា Jive កីឡាការិនី ឱ រចនី ដណ្ដើមបានចំណាត់ថ្នាក់លេខ១។

ដោយឡែកវិញ្ញាសាកុមារីអាយុ ១០-១១ឆ្នាំ ក្បាច់ Jive និង Cha Cha Cha កុមារី យូ ប៉ារីស ទទួលបានលេខ២ និងលេខ៣។ វិញ្ញាសាកុមារាអាយុ ១០-១១ឆ្នាំ ក្បាច់ Cha Cha Cha និង Jive កុមារា ឱ មេត្តា ទទួលបានលេខ៣ និងលេខ៥។ វិញ្ញាសាកុមារាអាយុ ៩ឆ្នាំចុះ ក្បាច់ Cha Cha Cha កុមារា ឡុង ចំណូល ទទួលបានលេខ៣ និងវិញ្ញាសា Junior 2 Boy 3 Dance- CRJ កីឡាករ សេង សុខគ័ង ទទួលបានលេខ៣៕