(ក្រុងឡុងដ៍)៖ កីឡាករខ្សែការពារ Harry Maguire និង Reece James ត្រូវបានបណ្តេញពីទីលានប្រកួតពីការទទួលបានកាតក្រហម ក្នុងជំនួបដែលអង់គ្លេសបានបរាជ័យក្នុងផ្ទះ ១-០ ក្រោមថ្វីដៃរបស់ដាណឺម៉ាកនៃពានលីគអឺរ៉ុប UEFA Nations League នារាត្រីថ្ងៃពុធ ទី១៤ ខែតុលា ឆ្នាំ២០២០។

ខ្សែការពារដែលត្រូវបានជ្រើសចេញពីក្លិប Manchester United, Maguire ត្រូវបានពិន័យកាតក្រហមជាលើកទី២ ស្មើនឹងកាតក្រហមក្នុងនាទី៣១ មុនពេលតែ ៤នាទីប៉ុណ្នោះដែល Christian Eriksen ស៊ុតបាល់ ១១ម៉ែត្របានសម្រេចដែលជាគ្រាប់បាល់លើកទី៣៤ ក្នុងចំណោមបង្ហាញខ្លួនចំនួន ១០០ប្រកួតឲ្យជម្រើសជាតិដាណឺម៉ាក។

ខ្សែបម្រើ-ប្រយុទ្ធ Reece James មកពីក្លិបតោខៀវ Chelsea ក៏បានបង្កកំហុសធ្ងន់ធ្ងរត្រូវពិន័យកាតក្រហមតែម្តងនៅនាទី៩០+៤ នៅកីឡដ្ឋាន Wembley ជាទីដែលពួកគេ (អង់គ្លេស) បានយកឈ្នះក្រុមខ្លាំងប៊ែលហ្សិកក្នុងលទ្ធផល ២-១ កាលពីរាត្រីថ្ងៃអាទិត្យ។

តែយ៉ាងណា ការបាត់បង់ ៣ពិន្ទុជាលើកដំបូងក្នុងចំណោម ៤ប្រកួតនៅ UEFA Nations League 2020-2021 ធ្លាក់មកឈរនៅលេខរៀងទី៣ ប្រចាំពូល A2 ជាបណ្តោះអាសន្នវិញ ដោយមាន ៧ពិន្ទុស្មើជាមួយដាណឺម៉ាក និងចាញ់ក្រុមកំពូលតារាងប៊ែលហ្សិកដែលមាន ៩ពិន្ទុ ក្រោយយកឈ្នះម្ចាស់ផ្ទះអ៉ីស្លង់ ២-១ វិញនៅយប់មិញនេះដែរ៕