(សេអ៊ូល)៖ រំលឹកទៅដល់ខែវិច្ឆិកា ឆ្នាំ២០១៩ អតីតតារាចម្រៀងស្រី Goo Hara ត្រូវបានប្រទះឃើញស្លាប់ក្នុងផ្ទះរបស់នាង ក្រោមការសង្ស័យថា បានធ្វើអត្តឃាតខ្លួនឯង ដោយសារមានវិបត្តិផ្លូវចិត្ត។ យ៉ាងណាមិញ មុននឹងតារាស្រីរូបនេះស្លាប់ នាងមានជម្លោះយ៉ាងខ្លាំងជាមួយមិត្តប្រុស គឺលោក Choi Jong Bum ដែលបានគំរាមទម្លាយវីដេអូអាសអាភាសរបស់នាង រហូតមានការប្តឹងឡើងតុលាការផងដែរ។

ជាការកត់សម្គាល់ កាលពីឆ្នាំ២០១៩ លោក Choi Jong Bum ត្រូវបានអយ្យការចោទប្រកាន់លើករណីជាច្រើនរួមមាន ការប្រឆាំងបទល្មើលផ្លូវភេទ, ការបំពារបំពានបង្កឲ្យមានគ្រោះថ្នាក់ដល់រាងកាយ, ការគំរាមគំហែង, បង្ខិតបង្ខំ និងការធ្វើឲ្យខូចខាតទ្រព្យសម្បត្តិទៀតផង។ ការជំនុំជម្រះលើកដំបូង ដែលត្រូវបានធ្វើឡើងនៅខែសីហា ឆ្នាំ២០១៩ ដោយលោក Choi Jong Bum ត្រូវបានសម្រេចឲ្យជាប់ពន្ធនាគាររយៈពេល១ឆ្នាំ និង៦ខែ។

យ៉ាងណាមិញ នៅខែឧសភា ឆ្នាំ២០២០ នេះ រឿងក្តីរបស់ Choi Jong Bum បានឡើងទៅសាលាឧទ្ធរណ៍ ខណៈលោកទទួលយកការចោទប្រកាន់ទាំងអស់របស់តុលាការ លើកលែងតែបទល្មើសមួយ គឺការថតវីដេអូដោយគ្មានការយល់ព្រម។ បន្ទាប់មកតុលាការក៏សម្រេចឲ្យ តារាប្រុសរូបនេះជាប់ពន្ធនាគាររយៈពេល ១ឆ្នាំ ដោយគ្មានការពន្យារពេល។ ផ្ទុយទៅវិញ ក្រុមគ្រួសាររបស់ Goo Hara ហាក់មិនអស់ចិត្តនឹងសេចក្តីសម្រេចនេះ ដោយបន្តប្តឹងទៅតុលាការកំពូលទៀត។

រហូតដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ នេះ មានសេចក្តីរាយការណ៍មកថា តុលាការកំពូល បានទទួលយកសំណុំរឿងនេះ និងសម្រេចផ្តន្ទាទោសលោក Choi Jong Bum ឲ្យជាប់ពន្ធនាគារ ១ឆ្នាំ ដូចសេចក្តីសម្រេចនៅសាលាឧទ្ធរណ៍ ព្រោះតុលាការបានរកឃើញបទល្មើសរបស់លោកទាំងអស់ ប៉ុន្តែចំពោះការថតរូបរាងកាយដែលគ្មានការអនុញ្ញាត ហាក់គ្មានមូលដ្ឋានច្បាស់លាស់ក្នុងការចោទប្រកាន់៕