(ញូយ៉ក)៖ Blue Origin ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍គ្រាប់រ៉ុក្កែតរបស់កំពូលមហាសេដ្ឋីអាមេរិក Jeff Bezos ក្នុងសប្តាហ៍នេះ ទើបតែបានធ្វើតេស្តបាញ់បង្ហោះគ្រាប់រ៉ុក្កែតរបស់ខ្លួនជាថ្មីម្តងទៀត ដែលសម្រាប់បម្រើក្នុងវិស័យទេសចរណ៍នៅទីអវកាស។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន CNN នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែតុលា ឆ្នាំ២០២០។

ការបាញ់បង្ហោះសាកល្បងខាងលើ ត្រូវបានធ្វើឡើងកាលពីថ្ងៃអង្គារសប្តាហ៍នេះ និងជាការធ្វើតេស្តលើកទី១៣ហើយរបស់គ្រាប់រ៉ុក្កែត New Shepard ដែលមកទល់បច្ចុប្បន្ន មិនទាន់ឆ្លងកាត់ការធ្វើតេស្តដោយមានមនុស្សជិះនៅឡើយទេ។ ក្រុមហ៊ុន Blue Origin មានគោលដៅប្រើរ៉ុក្កែត New Shepard នេះ ដើម្បីដឹកជញ្ជូនភ្ញៀវទេសចរឡើងទៅទស្សនាកម្សាន្តនៅទីអវកាស។

កំឡុងការធ្វើតេស្តជាច្រើនលើកកន្លងមកនេះ រ៉ុក្កែត New Shepard បានដឹកជញ្ជូនតែឧបករណ៍ពិសោធន៍ផ្នែកវិទ្យាសាស្រ្តប៉ុណ្ណោះ ហើយពេលមួយ នោះ ក៏បានដឹកមនុស្សសិប្បនិម្មិតមួយហៅថា Mannequin Skywalker ផងដែរ។ Blue Origin មិនទាន់បានចាប់ផ្តើមដាក់លក់សំបុត្រ ឬប្រកាសពីតម្លៃសំបុត្រសម្រាប់សេវាទេសចរណ៍អវកាសរបស់ខ្លួននៅឡើយទេ។

គួរជម្រាបថា រ៉ុក្កែត New Shepard ទាំងមូលត្រូវបានចែកចេញជាពីរផ្នែក ក្នុងនោះផ្នែកមួយដែលនៅខាងលើគឺជាកន្លែងសម្រាប់មនុស្សជិះ និងមានបង្អួចកញ្ចក់អាចមើលឃើញទៅខាងក្រៅ ខណៈផ្នែកមួយទៀតគឺជាម៉ាស៉ីនប៊ូស្ទើកម្ពស់១៨ម៉ែត្រ ដែលអាចផ្តល់ល្បឿនរហូតដល់លឿនជាងល្បឿនសំឡេង៣ដង។ ផ្នែកខាងលើនោះរបស់គ្រាប់រ៉ុក្កែត នឹងផ្តាច់ខ្លួនចេញពីផ្នែកម៉ាស៉ីននៅកម្ពស់ជិត១០០គីឡូម៉ែត្រ ហើយចំណាយពេលប៉ុន្មាននាទីសំកាំងក្នុងលំហអវកាស មុនពេលចុះមកផ្ទៃផែនដីវិញដោយប្រើឆ័ត្រយោង៕