(ភ្នំពេញ)៖ Cellcard ដែលជាក្រុមហ៊ុន ផ្តល់សេវាទូរគមនាគមន៍ឈានមុខគេ នៅក្នុងប្រទេសកម្ពុជា បានចាប់ដៃគូសហការថ្មី ជាមួយនឹង Prime Cineplex ដែលជាក្រុមហ៊ុន សម្ព័ន្ធផ្នែកភាពយន្ត កំពុងរីកលូតលាស់យ៉ាងឆាប់រហ័សបំផុតមួយ នៅក្នុងប្រទេសកូរ៉េ។ ទំនាក់ទំនងជាដៃគូនេះ នឹងញុំាងឲ្យអតិថិជនរបស់សែលកាត ទទួលបាននូវការបញ្ចុះតម្លៃ និងការផ្តល់ជូនពិសេសផ្តាច់មុខជាច្រើន។
នៅក្នុងសន្និសីទព័ត៌មាន នាថ្ងៃពុធទី១៤ ខែតុលា ដែលប្រព្រឹត្តិទៅនៅផ្សារទំនើប Samai Square ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ អ្នកនាំពាក្យរបស់ Prime Cineplex បានឲ្យដឹងថា ក្រុមហ៊ុនរបស់លោក ដែលជាប្រតិបត្តិកររោងភាពយន្ត មានសេចក្តីសោមនស្សជាខ្លាំង ក្នុងការភ្ជាប់ទំនាក់ទំនងជាដៃគូ ជាមួយក្រុមហ៊ុន សែលកាត ហើយក្រុមហ៊ុនលោក ក៏កំពុងទន្ទឹងរង់ចាំផ្តល់នូវប្រូម៉ូសិន ពិសេសផ្តាច់មុខសម្រាប់ការទស្សនាភាពយន្ត ជូនដល់អតិថិជនសែលកាត ក៏ដូចជានាំយកនូវ ខ្សែភាពយន្តដ៏អស្ចារ្យមកជូនទស្សនាផងដែរ។
លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានថ្លែងនៅក្នុងព្រឹត្តិការណ៍នេះថា «ថ្ងៃនេះ គឺជាថ្ងៃដំបូង នៃការភ្ជាប់ទំនាក់ទំនង ជាដៃគូរវាង ក្រុមហ៊ុនសែលកាត និង Prime Cineplex ពោលគឺជាទំនាក់ទំនងជាដៃគូ ដែលបញ្ជាក់នូវការចូលប្រឡូក ក្នុងវិស័យខ្សែភាពយន្តសារជាថ្មីរបស់សែលកាត និងជា ទំនាក់ទំនងដែលផ្តល់នូវគុណប្រយោជន៍ និងអត្ថប្រយោជន៍បន្ថែម ដល់អតិថិជនរបស់យើង ជាពិសេសសម្រាប់សមាជិក Cellcard Club តែម្តង»។
ការផ្តល់ជូនផ្តាច់មុខដំបូង គឺនឹងមានជូនសម្រាប់សមាជិក Cellcard Club ដែលនឹងទទួលបានការបញ្ចុះតម្លៃ ១៥% លើតម្លៃសំបុត្រ សម្រាប់រយៈពេលមួយឆ្នាំពេញ នៅផ្សារទំនើប Samai Square។
ទន្ទឹមនឹងនោះ ក៏មាននូវការលក់បញ្ចុះតម្លៃដ៏សម្បើម និងការចាក់បញ្ចាំងខ្សែភាពយន្តលើកដំបូង ដែលអតិថិជនសែលកាត ជាពិសេសសមាជិក Cellcard Club តែម្តង នឹងពេញចិត្តខ្លាំងជាក់ជាមិនខាន។ ការលក់បញ្ចុះតម្លៃសម្បើមលើកដំបូង នឹងមានផ្តល់ជូនដល់អតិថិជនសែលកាតទាំងអស់ ចាប់ពីថ្ងៃទី១៥ ដល់១៨ ខែតុលា ពោលគឺផ្តល់ជូននូវការបញ្ចុះតម្លៃ រហូតដល់ទៅ ៥០% សម្រាប់អ្នកមានសំណាង ១០០០ នាក់។
ក្នុងឱកាសនោះ ក្រុមហ៊ុន Prime Cineplex ក៏បានរៀបចំបើកសម្ពោធសាល Samai Square VIP Lounge and Hall ដោយក្នុងនោះ នាយកប្រតិបត្តិក្រុមហ៊ុន សែលកាត ត្រូវបានផ្តល់កិត្តិយស ឲ្យចូលរួមកាត់ខ្សែបូ ដើម្បីបើកដំណើរការកម្មវិធីផងដែរ។ រីឯគណៈគ្រប់គ្រងរបស់ក្រុមហ៊ុនសែលកាត និង Prime Cineplex ក៏សុទ្ធតែមានវត្តមាននៅទីនោះដូចគ្នា។
លោក វ៉ាតសុន បានថ្លែងអំណរគុណដល់ក្រុមហ៊ុន Prime Cineplex ក្រុមការងារសែលកាត និងអ្នកទំាងអស់គ្នា ដែលបានចូលរួមក្នុងការត្រួសត្រាយ ទំនាក់ទំនង ជាដៃគូនេះឡើង ហើយរូបគាត់ផ្ទាល់ ក៏ទន្ទឹងរងចាំនូវឱកាសដ៏រំភើបរីករាយ ដែលកើតចេញពីទំនាក់ទំនងជាដៃគូនេះផងដែរ។ បន្ទាប់មក ភ្ញៀវដែលអញ្ជើញចូលរួម ត្រូវបានផ្តល់កិត្តិយចូលទស្សនាខ្សែភាពយន្តថ្មី Vanguard ដើម្បីទទួលបានបទពិសោធន៍ នៃការទស្សនាលំដាប់ First Class។
ភ្ញៀវដែលបានអញ្ជើញចូលរួមទស្សនាខ្សែភាពយន្តទាំងអស់ បានសង្កេតឃើញនូវការរៀបចំ ដ៏មានអនាម័យល្អ និងការប្រុងប្រយ័ត្នខ្ពស់ ដូចជាការពាក់ម៉ាស ការបាញ់អាល់កុល លាងសម្អាតលើដៃ ការត្រួតពិនិត្យសីតុណ្ហភាពមុនពេលចូលសាលភាពយន្ត និងការអង្គុយដោយមានគម្លាតពីគ្នាមួយកៅអីជាដើម ពោលគឺអនុលោមតាមបទបញ្ជាបង្កាជំងឺកូវីដ១៩ យ៉ាងខ្ជាប់ខ្ជួនតែម្តង។
Prime Cineplex បានបើកដំណើរការនៅក្នុងប្រទេសកម្ពុជា នាឆ្នាំ២០១៨ ហើយទីតាំងថ្មីនៅក្នុងផ្សារទំនើប Samai Square គឺជាទីតាំងឈានមុខគេ និងជារោងភាពយន្ត Prime Cineplex ដែលទំនើបជាងគេបំផុត នៅក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្ននេះផងដែរ។ រោងភាពយន្ត Prime Cineplex មានសាខាសរុបចំនួន៦រួមមាន៖ សាខានៅផ្សារទំនើប TL Sky Mall ផ្សារទំនើប Atrium និងផ្សារទំនើបសុវណ្ណា ក្នុងទឹកដីរាជធានីជាដើម។
Cellcard Club គឺថ្នាលមួយដែលផ្តល់ជូនអតិថិជន នូវអត្ថប្រយោជន៍ និងភាពរីករាយបន្ថែម ពីលើសេវាកម្មសែលកាតដែលមានស្រាប់ រួមទាំងមានផ្តល់នូវរង្វាន់ ជូនអតិថិជនដ៏ស្មោះស្ម័គ្រ ជាមួយអត្ថប្រយោជន៍ផ្តាច់មុខជាច្រើនទៀតផង។ ជាមួយ Cellcard Club រាល់ការភ្ជាប់គម្រោង ការបញ្ចូលទឹកប្រាក់ និងការធ្វើប្រតិបត្តិការ ទាំងអស់ អតិថិជននឹងទទួលបានរង្វាន់ភ្លាមៗ និងពិន្ទុដែលអាចប្តូរយកអត្ថប្រយោជន៍ដ៏ច្រើនសម្បូរបែប។
ដើម្បីចូលរួមជាមួយ Cellcard Club អ្នកគ្រាន់តែទាញយក Cellcard App ហើយចូលទៅកាន់ MORE បន្ទាប់មកចូលទៅកាន់ក្លឹ Cellcard Club ហើយចុច JOIN ជាការស្រេចតែម្តង៕