(អាមេរិក)៖ YouTube នៅថ្ងៃពុធសប្តាហ៍នេះបានប្រកាសថា ខ្លួននឹងលុបវីដេអូចេញពីវែបសាយ YouTube ប្រសិនបើវីដេអូទាំងនោះមានផ្ទុក ព័ត៌មានមិនត្រឹមត្រូវអំពីវ៉ាក់សាំង COVID-19 គ្រាដែលវែបសាយវីដេអូដ៏ធំបំផុតរបស់ពិភពលោកមួយនេះ កំពុងប្រឹងប្រែងពង្រីកចំណាត់ការ ប្រឆាំងនឹងការចែកចាយព័ត៌មានក្លែងក្លាយអំពីវិបត្តិជំងឺ COVID-19។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែតុលា ឆ្នាំ២០២០។
YouTube បានឲ្យដឹងថា ឥឡូវខ្លួននឹងលុបចោលវីដេអូនានា ដែលមានផ្ទុកនូវការអះអាងអំពីវ៉ាក់សាំងប្រឆាំងជំងឺ COVID-19 ដែលផ្ទុយពីអាជ្ញាធរសុខាភិបាលរបស់ប្រទេសនីមួយៗ ឬក៏អង្គការសុខភាពពិភពលោក។ បើតាម YouTube វីដេអូប្រភេទនេះ រួមមានការអះអាងថា វ៉ាក់សាំងនឹងអាចសម្លាប់មនុស្ស ឬធ្វើឲ្យគ្មានកូន ឬក៏ការអះអាងថា បន្ទះមីក្រូឈីបនឹងត្រូវចាក់បញ្ចូលទៅក្នុងខ្លួនមនុស្សតាមរយៈ វ៉ាក់សាំង COVID-19 ជាដើម។
YouTube បានបញ្ជាក់ថា កន្លងមកនេះខ្លួនបានលុបចោលវីដេអូជាច្រើនរួចមកហើយ ដែលដាក់ការសង្ស័យអំពីវត្តមាននៃជំងឺរាតត្បាតជាសកលនេះ ឬអំពីការចម្លងនៃ COVID-19, លើកស្ទួយវិធីសាស្រ្តព្យាបាលតែផ្តេសតែផ្តាសផ្សេងៗ, ជំរុញមិនឲ្យមានការទៅស្វែងរកជំនួយពីអ្នកជំនាញសុខាភិបាល ឬក៏ប្រឆាំងយ៉ាងដាច់អហង្ការចំពោះវិធានការធ្វើចត្តាឡីស័ក ឬវិធានការគម្លាតសុវត្ថិភាពសង្គមជាដើម។
គួរជម្រាបថា គិតចាប់តាំងពីដើមខែកុម្ភៈ ឆ្នាំនេះមក YouTube បានលុបវីដេអូសរុបជាង២សែនវីដេអូ ដែលពាក់ព័ន្ធទៅនឹងការផ្តល់ព័ត៌មានមិនត្រឹមត្រូវនិងគ្រោះថ្នាក់អំពី COVID-19៕