(ភ្នំពេញ)៖ តារាសម្តែងល្បីឈ្មោះ កញ្ញា ស៉ីន យូប៊ីន និងជាម្ចាស់ហាងតែគុជ «Fire Tiger Cambodia» បានចូលរួមបរិច្ចាគថវិកាចំនួន ១ម៉ឺនដុល្លារអាមេរិក តបតាមការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺសម្តេចតេជោ ហ៊ុន សែន សម្រាប់ជួយសង្រ្គោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់។
កញ្ញា ស៊ីន យូប៊ីន បានថ្លែងប្រាប់ Fresh News Plus នៅរសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ ថា «ជំនន់ទឹកភ្លៀងបានវាយប្រហារខេត្តជាច្រើនរបស់កម្ពុជា ទាំងក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បាននិងកំពុងចេញប្រតិបត្តិការ ជួយសង្គ្រោះប្រជាពលរដ្ឋបណ្តាខេត្តរាជធានីខេត្ត ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង»។
កញ្ញាថា «ហេតុដូចនេះ នាងខ្ញុំតំណាងឲ្យក្រុមហ៊ុនតែគុជ «Fire Tiger Cambodia» និងជាតារាសម្តែងមួយរូប សូមចូលរួមចំណែកជាមួយប្រមុខថ្នាក់ដឹកនាំ ក្នុងការជួយសង្គមដោយរួមបរិច្ចាគថវិកា ចំនួន១ម៉ឺនដុល្លារអាមេរិក តបតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន សម្រាប់ជួយសង្គ្រោះពលរដ្ឋរងគ្រោះ ដោយសារទឹកជំនន់។ នាងខ្ញុំសង្ឃឹមថា ទឹកប្រាក់ទាំងនេះនឹងជួយសម្រាលទុកលំបាករបស់បងប្អូនប្រជាពលរដ្ឋខ្មែរបានក្នុងគ្រាកំពុងមានអាសន្ននេះ»។
តាមរយៈនេះ តារាសម្តែង ស៉ីន យូប៊ីន បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ មានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះជំនន់ទឹកភ្លៀងនេះ។
សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់ក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ ដែលបានយកចិត្តទុកដាក់សង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលា និងសូមបន្តចាត់វិធានការចាំបាច់នានា និងដឹកនាំកម្លាំងក្នុងការចេញទៅជួយសង្គ្រោះប្រជាពលរដ្ឋ តាមភូមិសាស្ត្រ ដែលទទួលខុសត្រូវ ឱ្យបានទាន់ពេលវេលា ដើម្បីទប់ទល់នឹងគ្រោះទឹកជំនន់ ព្រមទាំងកាត់បន្ថយឱ្យបានជាអតិបរមានូវការលំបាក និងផលប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិនានា។
សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណផងដែរ ដល់សប្បុរសជននានា ដែលបានចូលរួមឧបត្ថម្ភជួយដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងទទួលរងគ្រោះដោយសារជំនន់ទឹកភ្លៀងនាពេលនេះ៕