(មីឡេន)៖ ខ្សែប្រយុទ្ធ Zlatan Ibrahimovic នឹងបង្ហាញខ្លួនបានវិញក្នុងជំនួប Derby ទល់នឹង Inter Milan នៅរាត្រីថ្ងៃសៅរ៍ ទី១៧ ខែតុលា ឆ្នាំ២០២០ បន្ទាប់ពីជាសះស្បើយពីជំងឺ Covid-19។ នេះបើយោងតាមការចេញផ្សាយដោយ គេហទំព័រកីឡា Live Score នៅថ្ងៃសុក្រ ទី១៦ ខែតុលានេះ។
កីឡាករអន្តរជាតិស៊ុយអែត វ័យ ៣៩ឆ្នាំ Zlatan បានខកខាន ៤ប្រកួតពីក្រុម AC Milan ក្រោយឆ្លងជំងឺ Covid-19 កាលពីខែមុន ក្នុងជំនួបដែលស៊ុតបាន ២គ្រាប់ឈ្នះ Bologna ក្នុងថ្ងៃបើកឆាកព្រឹត្តិការណ៍ Serie A រដូវកាលថ្មីនេះ ដែលនាំឲ្យរូបគេរកបាន ១៤គ្រាប់ហើយ ពីការចូលលេងបាន ២២ប្រកួតគិតចាប់តាំងពីខែមករា ឆ្នាំ២០២០ មក។
ជំនួបរវាងក្រុមដែលស្ថិតក្នុងទីក្រុង Milan នៃប្រទេសអ៉ីតាលីតែមួយខាងលើនេះ នឹងធ្វើឡើងនៅម៉ោង ២៣៖០០នាទីយប់ថ្ងៃសៅរ៍ ទី១៧ ខែតុលា ឆ្នាំ២០២០ សម្រាប់ជើងទី១ នៃសប្តាហ៍ទី៤ នៅ Serie A គ្រាដែល Milan លេងបាន ៣ប្រកួតមិនដែលចាញ់ និងឈរនៅលេខ២ មាន ៩ពិន្ទុស្មើក្រុមកំពូលតារាង Atalanta បណ្តោះអាសន្ន និងគូប្រជែង Inter Milan វិញលេង ៣ប្រកួតមិនដែលចាញ់ដូចគ្នា តែឈ្នះ២ និងស្មើ១ រកបាន ៧ពិន្ទុឈរនៅលេខ៥៕