(ម៉ូនិច)៖ ការប្រកួតប្រជែងពានររង្វាន់លំដាប់ទី២ អាល្លឹម៉ង់ German Cup ក្រុមការពារតំណែងជើងឯក Bayern Munich បានឡើងទៅវគ្គបន្ទាប់ ក្រោយពីបានយកឈ្នះម្ចាស់ផ្ទះ Dueren ក្នុងលទ្ធផល ៣-០ នៃជុំដំបូងដោយក្នុងនោះកីឡាករ Eric Maxim Choupo Moting រកបាន ២គ្រាប់នៅរាត្រីថ្ងៃទី១៥ ខែតុលា។ នេះបើតាមការចេញផ្សាយដោយ CNA នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០។

កីឡាករចំណូលថ្មីដែលបានផ្ទេរពីក្រុមបារាំង PSG ដោយគ្មានតម្លៃខ្លួន Moting បានស៊ុត ២គ្រាប់ជាមួយនឹងខ្សែប្រយុទ្ធ Thomas Muller រកបាន ១គ្រាប់ផងដែរនៅនាទី៣៦ ក្នុងលក្ខខណ្ឌដែលអ្នកចាត់ការទូទៅលោក Hansi Flick បានដាក់កីឡាករចំណូលថ្មីដូចគ្នាមាន Douglas Costa និង Marc Roca ជាដើម។

គួរបញ្ជាក់ផងថា ពាន German Cup ក្រុមខ្លារខិន Bayern Munich ឈ្នះបានចំនួន ២០លើកមកហើយ ដោយចុងក្រោយរដូវកាល ២០១៩-២០២០ ដែលបានយកឈ្នះ Leverkusen ៤-២ នៅវគ្គផ្តាច់ព្រ័ត្រ ខណៈក្រុមរបស់លោក Flick នឹងត្រូវបន្តភារកិច្ចក្នុងលីគ Bundesliga ជួបក្រុម Arminia នៃសប្តាហ័ទី៤ មុនពេលប៉ះក្រុមអេស្ប៉ាញ Atletico Madrid នៅថ្ងៃទី២២ ខែតុលាខាងមុខប្រចាំពូល A នៅ UEFA Champoins League៕