(ឡុងដ៍)៖ យោងតាមការចេញផ្សាយដោយ BBC នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ បានឲ្យដឹងថា អតីតជើងខ្លាំងប្រដាល់ក្នុងទ្រុង UFC កីឡាករ Conor McGregor បានទទួលយកកាលបរិច្ឆេទឡើងសង្វៀនសារជាថ្មីនៅខែមករា ឆ្នាំ២០២១ ខាងមុខដែលត្រូវបានប៉ះជាមួយកីឡាករ Dustin Poirier ដែលនឹងធ្វើឡើងនៅរដ្ឋតិចសាស់ សហរដ្ឋអាមេរិក។

ជើងខ្លាំងប្រដាល់ក្នុងទ្រុង UFC វ័យ ៣២ឆ្នាំ McGregor ធ្លាប់បានប្រកាសចូលនិវត្តន៍ ៣លើកមកហើយក្នុងរយៈពេល ៤ឆ្នាំមកនេះ ប៉ុន្តែកីឡាករអៀរឡង់រូបនេះបានបើកការពិភាក្សាជាមួយមន្ត្រីគ្រប់គ្រង UFC ក្នុងការត្រឡប់មកកាន់សង្វៀនវិញនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ ដោយបាននិយាយថា «ខ្ញុំទទួលយកការប្រកួតនៅថ្ងៃទី២៣ ដែលជាគោលដៅដែលខ្ញុំចង់មានការប្រកួតនៅកីឡដ្ឋាន Cowboy»

McGregor បានវិលត្រឡប់ពីការចូលនិវត្តន៍កាលពីខែមុន ដោយមានគោលដៅប្រកួតជាមួយជើងខ្លាំងអាស៊ី Manny Pacquiao នៅឯមជ្ឈឹមបូពា៌ទៀតផង ខណៈការប្រកួតចុងក្រោយរូបគេបានយកឈ្នះ Donald Cerrone នៅ UFC 246 កាន់កំណត់ត្រាឈ្នះ ២២លើក និងចាញ់ ៤លើកនៃក្បាច់គុនចម្រុះនេះ៕