(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់ជម្រើសជើងឯកលីគទី២ កម្ពុជា ឆ្នាំ២០២០ សប្ដាហ៍ទី៣ នឹងបន្ដការប្រកួតនាថ្ងៃទី១៧ ខែតុលាស្អែកនេះ ខណៈបេក្ខភាពកំពូលតារាង ២ក្រុម គឺក្រុម U21 កងយោធពលខេមរភូមិន្ទ (ទ័ព) និងក្រុម ISI ដង្កោសែនជ័យត្រូវជួបក្រុមមិនទាន់ស្គាល់ចាញ់ គ្រាដែលក្រុមខ្លាំង សមាគមកីឡាបាល់ទាត់ខេត្តព្រៃវែង ត្រូវជួបក្រុមមន្ទីរអប់រំ យុវជន និងកីឡា ខេត្តស្វាយរៀង។

ចំពោះក្រុម U21 កងយោធពលខេមរភូមិន្ទ នឹងត្រូវជួបក្រុមម្ចាស់ផ្ទះឬទ្ធីសែន គ្រាដែលក្រុម ISI ដង្កោសែនជ័យ ត្រូវជួបអតីតក្រុមជើងឯកពានសម្ដេចតេជោ ហ៊ុន សែន-ថ្នាក់ខេត្ត ឆ្នាំ២០១៩ គឺខេត្តត្បូងឃ្មុំ។ បច្ចុប្បន្នក្រុមឬទ្ធីសែន និងត្បូងឃ្មុំ នៅមិនទាន់មានពិន្ទុរាប់នៅឡើយ ក្រោយបរាជ័យ ២ប្រកួតផ្ទួនៗ ផ្ទុយពីគូប្រកួតរបស់ខ្លួនក្នុងសប្ដាហ៍នេះ ដែលមាន ៦ពិន្ទុពេញ ក្រោយឈ្នះ ២ប្រកួតបើកឆាកដូចគ្នា។

ដោយឡែកជំនួបរវាងសមាគមកីឡាបាល់ទាត់ខេត្តព្រៃវែង និងខេត្តស្វាយរៀង ត្រូវបានគេចាត់ទុកជាការប្រកួតដ៏ជក់ចិត្ត ដ្បិតក្រុមទាំងពីរកំពុងស្រេកឃ្លានជ័យជម្នះ ដើម្បីពង្រឹង និងរក្សាឱកាសប្រជែងពាន។ ចំពោះខេត្តព្រៃវែង បច្ចុប្បន្នកំពុងឈរកំពូលតារាង និងមាន ៦ពិន្ទុក្នុងដៃ តែមានគ្រាប់ចំណេញច្រើនជាង ISI និងក្រុម U21 ទ័ព។ ឯខេត្តស្វាយរៀង ទើបរកបាន ៣ពិន្ទុប៉ុណ្ណោះ ក្រោយឆ្លងកាត់ ២ប្រកួត ឈ្នះ១ និងចាញ់១។

ក្រៅពីការប្រកួតរបស់ក្រុមខ្លាំងៗទាំង៣ ដែលកំពុងក្ដោបក្ដាប់ ៦ពិន្ទុក្នុងដៃខាងលើ ក៏មានការប្រកួត ២គូផ្សេងទៀតផងដែរ រួមមានក្រុម U21 ភ្នំពេញក្រោន ត្រូវជួបក្រុមមិនទាន់ស្គាល់ឈ្នះខេត្តកំពង់ស្ពឺ នៅកីឡដ្ឋាន RSN និងក្រុមសៀមរាបអែហ្វស៊ី ត្រូវជួបក្រុមភ្ញៀវកោះកុងអែហ្វស៊ី។ ការប្រកួតទាំង ៥គូខាងលើ នឹងចាប់ផ្ដើមនាម៉ោង ៣រសៀលដូចគ្នានាថ្ងៃទី១៧ ខែតុលាស្អែកនេះ៕