(កូរ៉េ)៖ ផលិតកម្មចម្រៀងដ៏ធំមួយរបស់កូរ៉េ គឺ Big Hit Entertainment ជាជម្រករបស់ក្រុមចម្រៀងបុរសល្បីឈ្មោះ BTS ត្រូវបានគេរាយការណ៍ថា តម្លៃភាគហ៊ុនបានធ្លាក់ចុះ បើប្រៀបធៀបជាមួយនឹងតម្លៃដាក់លក់ដំបូង នៅលើផ្សារហ៊ុនរបស់កូរ៉េ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Straits Times នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០។

នៅថ្ងៃទី១៥ ខែតុលា ម្សិលមិញនេះ តម្លៃរបស់ក្រុមហ៊ុន Big Hit ទាំងមូល បានវាយលុយទីផ្សារភាគហ៊ុន ដោយ កើនឡើងរហូតដល់ទៅ ១១.៤ ពាន់លានដុល្លារ បន្ទាប់មកក៏បានធ្លាក់ចុះទៅវិញ ដោយសារក្តីបារម្ភអំពីចរន្តនៃប្រាក់ចំណូលមានការធ្លាក់ចុះ ជាហេតុទាញភាគហ៊ុនឲ្យមានតម្លៃថោក ជាងតម្លៃដែលបានដាក់លក់លើកដំបូង។

ផលិតកម្ម Big Hit ដែលពឹងផ្អែកយ៉ាងខ្លាំងទៅលើក្រុមចម្រៀងបុរស BTS ដើម្បីរកប្រាក់ចំណូល ត្រូវបានគេដឹងថា មានតម្លៃហ៊ុនកើនឡើងទ្វេរដង អំឡុងពេលដាក់លក់ភាគហ៊ុនជាសាធារណៈជាលើកដំបូង ពោលរហូតមានចំនួនជាទឹកប្រាក់ដល់ទៅ ២៧០,០០០ វ៉ុន ឬប្រមាណ ២៣៥ដុល្លារក្នុងមួយហ៊ុន ខណៈចំនួននេះគឺស្មើនឹង ៣០ភាគរយនៃការធ្វើពាណិជ្ជកម្មដំបូង បន្ទាប់មកស្រាប់តែបានធ្លាក់ចុះទៅវិញ។

បើតាមគេហទំព័រប្តូរប្រាក់របស់កូរ៉េមួយ បានឲ្យដឹងថា ការដាក់លក់ IPO នៅលើផ្សារហ៊ុនរបស់ Big Hit គឺមានទំហំធំបំផុតទី៣ នៅក្នុងប្រទេសកូរ៉េខាងត្បូង ដោយកាលពីព្រឹកម្សិលមិញនេះ ក្នុងនោះភាគហ៊ុនរបស់ ក្រុមហ៊ុន Big Hit ចំនួន១០លានភាគហ៊ុន ត្រូវបានជួញដូរ។

គួរជម្រាបថា បើតាមក្រុមហ៊ុនវិភាគ ក្រុមហ៊ុន Big Hit បានបង្វែរទៅធ្វើគោលដៅរបស់ខ្លួនទៅធ្វើការប្រគំតន្រ្តីតាមអនឡាញវិញម្តង តាមរយៈការប្រើប្រាស់បណ្តាញសង្គម Youtbe ដើម្បីជ្រៀតចូលទីផ្សារ បន្ទាប់ពីការប្រគំតន្រ្តីដោយផ្ទាល់ត្រូវបានលុបចោល ជុំវិញវិបត្តិកូវីដ១៩៕