(ភ្នំពេញ)៖ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០នេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (LOLC) បានចូលរួមឧបត្ថម្ភអង្ករចំនួន៣០តោន និងមីកញ្ចប់ចំនួន៧៥០កេះ ដល់ប្រជាពលរដ្ឋដែលកំពុងជួបការរងគ្រោះដោយសារទឹកជំនន់ តាមរយៈរដ្ឋបាលខេត្តចំនួនបីគឺ ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ដោយខេត្តនីមួយៗមានអង្ករចំនួន ១០តោន និងមីកញ្ចប់ចំនួន ២៥០កេះ។

ការផ្តល់ជូនគ្រឿងឧបភោគ និងបរិភោគនេះ គឺជាកាយវិការសប្បុរសធម៌បង្ហាញពីការយកចិត្តទុកដាក់របស់ អិលអូអិលស៊ី ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីជួយសម្រួលតម្រូវការចំពោះមុខរបស់ប្រជាពលរដ្ឋដែលកំពុងរងផលប៉ះពាល់ជន់លិចដោយសារទឹកជំនន់នេះ។ គ្រឿងឧបភោគ និងបរិភោគនេះ ត្រូវបាននាយកសាខា អិលអូអិលស៊ី ប្រចាំខេត្តទាំងបីខាងលើ យកទៅប្រគល់ជូន រដ្ឋបាលខេត្តពោធិ៍សាត់ រដ្ឋបាលខេត្តបាត់ដំបង និងរដ្ឋបាលខេត្តបន្ទាយមានជ័យ ដើម្បីប្រើប្រាស់ទៅតាមតម្រូវការចាំបាច់។

លោក សុខ វឿន ប្រធាននាយកប្រតិបត្តិ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី បានថ្លែងថា សកម្មភាព អិលអូអិលស៊ី ថ្ងៃនេះ ជាផ្នែកមួយនៃការចូលរួមចំណែក ជួយសម្រាលបន្ទុករបស់ប្រជាពលរដ្ឋ ដែលកំពុងតែរងគ្រោះដោយសារទឹកជំនន់។ ហើយលោកក៏បានរំលឹកផងដែរថា ប្រជាពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្ន ឲ្យបានខ្ពស់ពីគ្រោះថ្នាក់ដែលអាចកើតមានឡើងដោយសារទឹកជំនន់នេះ ត្រូវថែរក្សាទ្រព្យសម្បត្តិ សមាជិកគ្រួសារ ជាពិសេសត្រូវយកចិត្តទុកដាក់កូនចៅតូចៗ ឲ្យបានហ្មត់ចត់ ចៀសវាងការបាត់បង់ទ្រព្យសម្បត្តិ និងមនុស្សជាទីស្រលាញ់ជាយថាហេតុ។

គួរបញ្ជាក់ផងដែរថា កាលពីខែឧសភា ឆ្នាំ២០២០ កន្លងទៅនេះ អិលអូអិលស៊ី ក៏បានឧបត្ថម្ភជាគ្រឿងឧបភោគ និងបរិភោគដល់ប្រជាពលរដ្ឋ ដែលខ្វះខាតនៅក្នុងអំឡុង ពេលដែលគ្រប់គ្នា កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ សរុបជាទឹកប្រាក់ប្រមាណ ២៣,០០០ដុល្លារអាមេរិក និងបានឧបត្ថម្ភថវិកា៤០លានរៀល ដល់គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ ផងដែរ។

អិលអូអិលស៊ី ជឿជាក់ថា សកម្មភាពសប្បុរសធម៌របស់ខ្លួននេះ នឹងបានរួមចំណែកសម្រាលការលំបាករបស់ប្រជាជន ដែលកំពុងស្ថិតក្នុងស្ថានភាពលំបាក ទោះចំនួនសម្ភារឧបត្ថម្ភនេះ មានចំនួនមិនច្រើនក្តី៕