(ភ្នំពេញ)៖ ក្រុមហ៊ុនកម្ពុជាតេលា ដែលជាក្រុមហ៊ុនប្រេងឥន្ធនៈឈានមុខគេនៅកម្ពុជា ទទួលសិទ្ធិផ្តាច់មុខក្នុងការប្រើប្រាស់ស្លាកសញ្ញាThe Habit Burger Grill ជាផ្លូវការ នៅកម្ពុជា បានចែកជូន Burger ចំនួន៨០០ឈុតជូនដល់អតិថិជនដោយឥតគិតថ្លៃរយៈពេល២ថ្ងៃ គិតពីថ្ងៃទី១៦-១៧ ខែតុលា ឆ្នាំ២០២០នេះ ដើម្បីឱ្យអតិថិជនបានសាក ល្បងរសជាតិដ៏ឈ្ងុយឆ្ងាញ់របស់ Burger មុននឹងចាប់ផ្តើមបើកដំណើរការសាខាទី១ជាផ្លូវការ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០។

ពិធីចែក Burger ដោយឥតគិតថ្លៃនេះធ្វើឡើងនៅក្នុងស្ថានីយប្រេងឥន្ធនៈតេលា សាខាទួលគោកជាប់ស្ពានអាកាស៥មករា មហាវិថីសហព័ន្ធរុស្ស៊ី នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០នេះ ចំនួន៤០០ឈុត និងថ្ងៃទី១៧ ខែតុលា ចំនួន៤០០ឈុត ពេលព្រឹកម៉ោង ១១៖៣០នាទី ដល់ម៉ោង ១៣៖៣០នាទី និងពេលល្ងាចម៉ោង១៧៖០០នាទី ដល់ម៉ោង១៩៖ ៣០នាទី។

លោក យី សុផល ប្រធានប្រតិបត្តិ The Habit Burger Grill បានឱ្យដឹងថា គោលបំណងនៃការចែក Burger ដោយឥតគិតថ្លៃនេះគឺដើម្បីឱ្យអតិថិជនបានសាកល្បង រសជាតិឆ្ងាញ់ពិសាររបស់ The Habit Burger Grill ដែលមានប្រភពមកពីសហរដ្ឋអាមេរិក។

លោក យី សុផល បានបន្ថែមថា ការបើកដំណើរការនេះដោយសារមើលឃើញថាប្រជាពលរដ្ឋកម្ពុជា ភាគច្រើនបានងាកមកចូលចិត្តបរិភោគ Burgerច្រើន ដូចនេះហើយ បានជាក្រុមហ៊ុនកម្ពុជាតេលា ដែលជាក្រុមហ៊ុនតែងតែគិតគូលើគុណភាពផលិតផលជាចម្បងបាននាំយក The Habit Burger Grill មកដំណើរការបំរើអតិថិជននៅកម្ពុជា។

ប្រធានប្រតិបត្តិរូបនេះ បានបន្ថែមថា The Habit Burger Grill សាខាទី១ នៅទីតាំងខណ្ឌទួលគោក ជិតស្ពានអាកាស៥មករា មហាវិថីសហព័ន្ធរុស្ស៊ី ហើយនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះនឹងបើក The Habit Burger Grill សាខាទី២ នៅមហាវិថីម៉ៅសេទុង ទល់មុខស្ថានទូតចិន សាខាទី៣ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ជិតផ្សារបែកចាន ក្នុង Central Park អង្គស្នួលនឹងបើកដំណើរការក្នុងខែធ្នូ ឆ្នាំ២០២០។

សូមបញ្ជាក់ថា ក្រុមហ៊ុនកម្ពុជាតេលា ជាអ្នកបង្កើតវប្បធម៌ផ្សារមីនីម៉ាត (Mini-Mart) នៅក្នុងស្ថានីយប្រេងឥន្ធនៈ ដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា ក្នុងឆ្នាំ២០០២។ ជាមួយនឹងការបន្តពង្រឹងឆន្ទៈមោះមុតលើការផ្តល់សេវាជូនដល់អតិថិជនឱ្យកាន់តែប្រសើរឡើងថែមទៀត។ ចំពោះ Central Park (Tela) នៅគ្រប់ទីកន្លែងមានបើក Tela Super Mart និងហាងម្ហូបអាហារច្រើនប្រភេទ រួមទាំងកាហ្វេ (Luna Coffee & Bakery) និង The Habit Burger Grill ផងដែរ៕