(ហាណូយ)៖ អ្នករៀបចំព្រឹត្តិការណ៍ប្រណាំងរថយន្ត Formula One ជាលើកដំបូងរបស់វៀតណាម នៅថ្ងៃសុក្រនេះ បានប្រកាសថា ខ្លួនបានលុបចោល ព្រឹត្តិការណ៍ប្រណាំងរថយន្ត ដែលធ្លាប់បានពន្យារពេលម្តងរួចទៅហើយ ដែលព្រឹត្តិការណ៍នេះ ដំបូងឡើយគ្រោងនឹងធ្វើឡើង កាលពីខែមេសា ដោយសារតែការរីករាលដាល នៃវីរ៉ុស COVID-19, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នេះ។

អ្នករៀបចំព្រឹត្តិការណ៍ Vietnam Grand Prix Corp បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា «វាគឺជាការសម្រេចចិត្តដ៏លំបាកបំផុតមួយ ប៉ុន្តែជាការ ចាំបាច់ ដោយសារតែភាពមិនប្រាកដប្រជា ដែលបណ្តាលមកពីការ រីករាលដាល នៃជំងឺឆ្លងលើពិភពលោកនេះ»

អ្នករៀបចំកម្មវិធីបានបញ្ជាក់ថា ខ្លួននឹងប្រគល់ថវិកាថ្លៃសំបុត្រ ទៅឲ្យអ្នកដែលបានទិញទាំងអស់វិញ។

គួរបញ្ជាក់ថា បើតាមទិន្នន័យពីក្រសួងសុខាភិបាល, វៀតណាម មានករណីឆ្លងវីរ៉ុស COVID-19 ជាង១,១១០ករណី ក្នុងនោះ៣៥ករណីបានស្លាប់៕