(ភ្នំពេញ)៖ ខ្សែប្រយុទ្ធដ៏មុតស្រួចរបស់ក្លិបបឹងកេត កីឡាករ ម៉ាត់ នូរុណ បានបង្ហាញនូវក្ដីរំពឹងខ្ពស់ថា ក្រុមរបស់ខ្លួននឹងអាចគ្រងជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០២០ ទោះបីប្រកួតចុងក្រោយ ត្រូវជួបក្រុមខ្លាំងភ្នំពេញក្រោនក៏ដោយ។

ការលើកឡើងបែបនេះ ស្របពេលបឹងកេត កំពុងឈរកំពូលតារាងបណ្ដោះអាសន្ន និងមាន ៤០ពិន្ទុ នាំមុខគូប្រជែង គឺក្រុមការពារតំណែងជើងឯក ព្រះខ័នរាជស្វាយរៀង ចំនួន ២ពិន្ទុ។ ម្យ៉ាងក្រុមទាំងពីរ សុទ្ធតែនៅសល់ ១ប្រកួតក្នុងដៃ ដោយបឹងកេតត្រូវជួបភ្នំពេញក្រោន និងស្វាយរៀងត្រូវជួបណាហ្គាវើលដ៏ នាថ្ងៃទី២៥ ខែតុលាខាងមុខ។

នូរុណ បានបញ្ជាក់ថា «ការប្រកួតនេះ (ប៉ះក្រោន) ជាប្រកួតដែលយើងអាចសម្រេចនូវពានលីគកំពូលកម្ពុជាឆ្នាំនេះ។ វាជាការប្រកួតចុងក្រោយដ៏សំខាន់របស់ពួកយើង។ ចំពោះក្ដីរំពឹង ខ្ញុំជឿជាក់ថា ក្រុមយើងនឹងធ្វើបានល្អ ក្នុងការប្រកួតចុងក្រោយ ខ្ញុំជឿជាក់ថា ពួកយើងនឹងធ្វើបាន ហើយពួកយើងនឹងខំប្រឹងឲ្យអស់ពីសមត្ថភាព ព្រោះប្រកួតនេះ ដូចជាការប្រកួតផ្ដាច់ព្រ័ត្ររបស់ពួកយើងដែរ»

ដោយឡែកពាក់ព័ន្ធនឹងការប្រជែងស្បែកជើងមាសប្រចាំលីគកំពូលកម្ពុជា ឆ្នាំ២០២០ វិញ ត្រូវបានម្ចាស់ពានកីឡាករល្អ ៣ខែជាប់គ្នានេះសង្កត់ធ្ងន់ថា «ចំពោះស្បែកជើងមាស ខ្ញុំអត់ទាន់គិតទេ រឿងសំខាន់ដែលខ្ញុំចង់បានឆ្នាំនេះ គឺពានរង្វាន់លីគ ហើយឱកាសយើង ក៏មានច្រើនសម្រាប់ប្រកួតចុងក្រោយ។ តែខ្ញុំនៅតែចង់បានស្បែកជើងមាស គ្រាន់តែអ្វីដែលផ្ដោតសំខាន់ គឺក្រុមទទួលបានជោគជ័យជាមុនសិន»។

គួរបញ្ជាក់ថា ចំពោះប្រកួតចុងក្រោយ ក្រុមនាគខៀវត្រូវការត្រឹមស្មើប៉ុណ្ណោះ នឹងក្លាយជាជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០២០ ប៉ុន្ដែបើចាញ់ តំណែងជើងឯកនេះ អាចនឹងបានទៅក្រុមព្រះខ័នរាជស្វាយរៀងវិញ ប្រសិនក្រុមជើងឯកឆ្នាំចាស់នេះ អាចយកឈ្នះក្រុមណាហ្គានាប្រកួតចុងក្រោយរបស់ខ្លួន៕