(មេនឆេស្ទើ)៖ កីឡាករខ្សែបម្រើ-ប្រយុទ្ធ Kevin de Bruyne បានខកខានពេល Manchester City ប៉ះ Arsenal រាត្រីនេះនៅ Premier League ដោយសារបញ្ហារបួស គ្រាដែលមិត្តរួមក្រុម ខ្សែប្រយុទ្ធ Sergio Aguero បានចូលហ្វឹកហាត់វិញ ក្រោយជារបួស។

តាមរយៈព័ត៌មានពី BBC បានចេញផ្សាយនៅថ្ងៃសៅរ៍ ទី១៧ ខែតុលា ឆ្នាំ២០២០ នេះថា កីឡាករវ័យ ២៩ឆ្នាំ De Bruyne បានរងរបួសតិចតួចកាលជួយជម្រើសជាតិប៊ែលហ្សិកប្រកួតនៅ Nations League ទល់នឹងអង់គ្លេសកាលពី សប្តាហ៍មុន និងអវត្តមានពីប្រកួតប៊ែលហ្សិកយកឈ្នះអ៉ីស្លង់ ២-១ ផងដែរ តែមិនត្រូវបានលោក Pep Guardiola បញ្ជាក់ពីបញ្ហារបួសអ្វីនោះទេ។

ក្រុមដែលបានកំពុងឈរនៅចំណាត់ថ្នាក់លេខ១៤ ក្នុង Premier League ដែលទើបរកបាន ៤ពិន្ទុផងនោះពី ៣ប្រកួតកន្លងមក នឹងត្រូវបើកទ្វារកីឡដ្ឋាន Etihad ទទួលក្រុមកាំភ្លើងធំ Arsenal នាម៉ោង ២៣៖៣០នាទីយប់ថ្ងៃសៅរ៍ ទី១៧ ខែតុលា ឆ្នាំ២០២០ នេះ (ម៉ោងនៅកម្ពុជា)។

ក្នុងជំនួបដ៏សំខាន់នេះដែរ កីឡាករខ្សែប្រយុទ្ធអាហ្សង់ទីន Sergio Aguero, Joao Cancelo, Bernado Silva និង Gabriel Jesus នឹងមានវត្តមានឡើងវិញ ក្រោយចប់បេសកកម្មជួយជម្រើសជាតិ និងជាពីបញ្ហារបួសជាដើម៕