(ប៉ុមប៉ៃ)៖ រោងភាពយន្តនៅតាមបណ្តាតំបន់មួយចំនួន ក្នុងប្រទេសឥណ្ឌាបានចាប់ផ្តើមបើកឡើងវិញជាលើកដំបូង នៅថ្ងៃព្រសហ្បត្តិ៍សប្តាហ៍នេះ បន្ទាប់ពីផ្អាកសកម្មភាពរយៈពេល៨ខែ ដោយសារជំងឺរាតត្បាតសាកលកូវីដ១៩។ តែយ៉ាងណា គេសង្កេតឃើញថា គ្មានខ្សែភាពយន្តដ៏គួរឲ្យចាប់អារម្មណ៍ត្រូវបានចាក់បញ្ចាំងនោះឡើយ ខណៈម្ចាស់រោងភាពយន្តសម្តែងការព្រួយបារម្ភពីបញ្ហាគ្មានមនុស្សចូលទស្សនាដូចកាលមុន។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Metro នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០។

ជាការកត់សម្គាល់ ខ្សែភាពយន្តខ្នាតធំរបស់ឥណ្ឌាជិត១ពាន់រឿង ត្រូវបានបង្ខំចិត្តឲ្យលុបចោលការចាក់បញ្ចាំង ចាប់តាំងពីខែមីនាមកម្ល៉េះ ពោលគឺបន្ទាប់ពីប្រទេសនេះបានដាក់វិធានការរឹងបន្តឹងនានា ក្នុងន័យទប់ស្កាត់ជំងឺកូវីដ១៩។

នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី បានជំរុញឲ្យមានការកាត់បន្ថយច្បាប់រឹតបន្តឹងបន្តិចម្តងៗ ខណៈរោងភាពយន្តនៅក្នុងរដ្ឋមួយចំនួនចាប់ផ្តើមបើកទ្វារឡើងវិញ។ តែយ៉ាងណា លទ្ធភាពនៃការចូលទស្សនា គឺត្រូវបានបន្ថយមកនៅ៥០ភាគនៃចំនួនកៅអីអ្នកចូលទស្សនាសរុបប៉ុណ្ណោះ ជាមួយនឹងការប្រកាន់គោលការណ៍សុខភាពជាចម្បង។

បច្ចុប្បន្ននេះ ត្រូវបានគេរាយការណ៍ថា រោងកុនភាគច្រើនចាក់បញ្ចាំងតែភាពយន្តចាស់ៗប៉ុណ្ណោះ ព្រោះដើម្បីជំនួសឲ្យការបើកដំណើរការរោងកុនឡើងវិញ ខ្សែភាពយន្តថ្មីៗនិងខ្នាតមួយចំនួនទៅបានលក់សិទ្ធចាក់បញ្ចាំងទៅឲ្យក្រុមហ៊ុនធំ ដែលផ្សាយតាមអនឡាញទៅហើយ ក្នុងនោះដូចជាការលក់ទៅឲ្យ Netflix, Disney និង Amazin’s Prime ជាដើម៕