(ភ្នំពេញ)៖ ជោគវាសនាក្រុមធ្លាក់ទៅលេងលីគទី២ កម្ពុជានារដូវកាលក្រោយ អាចនឹងដឹងក្នុងសប្ដាហ៍នេះ ពិសេសបើសិនក្រុមសូលទីឡូអង្គរ និងក្រុមអគ្គិសនីកម្ពុជា(EDC) អាចយកឈ្នះ ឬស្មើគូប្រជែង ក្នុងការប្រកួតសប្ដាហ៍ទី១៩ ក្នុងក្របខណ្ឌលីគកំពូលកម្ពុជា ឆ្នាំ២០២០ នារសៀលថ្ងៃទី១៧ ខែតុលានេះ។
កម្មវិធីប្រកួតថ្ងៃនេះ រួមមានក្រុមសូលទីឡូអង្គរ ត្រូវបើកទ្វារកីឡដ្ឋាន SRU ទទួលក្រុមនគរបាលជាតិ និងក្រុមអគ្គិសនីកម្ពុជា ជួបក្រុមភ្ញៀវអាស៊ីអឺរ៉ុប។ រីឯថ្ងៃទី១៨ ខែតុលា ក្រុមយុវជន U18 បាទី ត្រូវបើកទ្វារផ្ទះស្វាគមន៍ក្រុមខ្លាំងអង្គរថាយហ្គឺរ។ ការប្រកួតនេះអាចនឹងដឹងពីជោគវាសនាក្រុមត្រូវកាត់ចេញ ឬបន្ដ ដ្បិតបច្ចុប្បន្នមាន ៣ក្រុម ដែលមិនទាន់សុវត្ថិភាព គឺក្រុមសូលទីឡូអង្គរ អគ្គិសនីកម្ពុជា និង U18 បាទី។
សម្រាប់ ២ប្រកួតថ្ងៃនេះ បើសិនសូលទីឡូអង្គរ និងអគ្គិសនីកម្ពុជា អាចយកឈ្នះ ឬស្មើគូប្រកួតរបស់ខ្លួន ក្រុមទាំងពីរនឹងគេចផុតពីការកាត់ចេញ ហើយធ្លាក់ទៅក្រុម U18 បាទីតែម្ដង។ តែបើក្រុមទាំងពីរចាញ់ គេត្រូវចាំអ៊ុតការប្រកួតរបស់ក្រុម U18 បាទីស្អែក បើចាញ់ដែរ យុវជនបាទី នឹងធ្លាក់ទៅលេងលីគទី២ តែបើស្មើ ឬឈ្នះ នឹងត្រូវរង់ចាំការប្រកួតកាត់សេចក្ដីនាសប្ដាហ៍ចុងក្រោយ រវាងក្រុមអគ្គិសនីកម្ពុជា និងក្រុម U18 បាទី។
គួរបញ្ជាក់ថា គិតត្រឹមសប្ដាហ៍ទី១៨ ក្រុមសូលទីឡូអង្គរ រកបាន ១១ពិន្ទុ ឈរលេខ១១ ហើយពួកគេត្រូវការត្រឹម ១ពិន្ទុទៀតប៉ុណ្ណោះ ដើម្បីគេចផុតពីការកាត់ចេញ ខណៈអគ្គិសនីកម្ពុជា ត្រូវការ ៣ពិន្ទុឯណោះ ដ្បិតបច្ចុប្បន្នពួកគេ ឈរលេខ១២ និងមាន ១០ពិន្ទុក្នុងដៃ។ ប៉ុន្ដែក្រុមប្រឈមធ្លាក់ទៅលេងលីគទី២ ខ្ពស់ជាងគេ គឺក្រុម U18 បាទី ដែលកំពុងឈរបាតារាង និងមាន ៦ពិន្ទុក្នុងដៃប៉ុណ្ណោះ៕