(អាមេរិក)៖ ទីភ្នាក់ងារអវកាសអាមេរិក NASA បានប្រកាសឱ្យដឹងនៅថ្មីៗនេះថា ខ្លួននឹងនាំយកបច្ចេកវិទ្យា 4G LTE ទៅប្រើប្រាស់នៅលើឋានព្រះច័ន្ទ សម្រាប់ នាពេលអនាគតដ៏ខ្លី ដោយគម្រោងមួយនេះត្រូវបានសហការជាមួយនឹងក្រុមហ៊ុន Nokia។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Engadget នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០។
យោងតាមប្រភពខាងលើបានឱ្យដឹងថា ទីភ្នាក់ងារអវកាសអាមេរិក NASA បានផ្ដល់ប្រាក់ចំនួន ១៤.១លានដុល្លារអាមេរិក ដល់ក្រុមហ៊ុន Nokia សម្រាប់បង្កើតនូវ បច្ចេកវិទ្យា 4G LTE ក្នុងការប្រើប្រាស់នៅលើឋានព្រះច័ន្ទ ស្របពេលដែលទីភ្នាក់ងារអវកាសអាមេរិកមួយនេះទើបតែប្រកាសថា ពួកគេក៏មានគម្រោងឡើងទៅឋានព្រះច័ន្ទម្ដងទៀត នៅអំឡុងឆ្នាំ២០២៤ ខាងមុខនេះ។
លោក James Reuter អ្នកគ្រប់គ្រងរួមរបស់ NASA បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន United Press International ថា ការនាំយកបច្ចេកវិទ្យា 4G LTE ទៅកាន់ ឋានព្រះច័ន្ទ នឹងអាចជួយសម្រួលដល់ការទំនាក់ទំនងរវាងភ្នាក់ងារអវកាស ហើយការជ្រើសរើសក្រុមហ៊ុន Nokia ដោយសារតែ NASA ជឿ និងទុកចិត្តចំពោះ ក្រុមហ៊ុនមួយនេះ។
គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទីមួយសម្រាប់ក្រុមហ៊ុន Nokia នោះទេ ដែលនាំយកបច្ចេកវិទ្យា LTE ទៅកាន់ឋានព្រះច័ន្ទនោះទេ ដោយកាលពីឆ្នាំ២០១៨ ក្រុមហ៊ុន Nokia បានសហការជាមួយក្រុមហ៊ុនអាល្លឺម៉ង់ PTScientists និងក្រុមហ៊ុនអង់គ្លេស Vodafone សម្រាប់យានអវកាស Apollo 17 ហើយ Nokia ក៏មាន គម្រោងបង្កើតប្រព័ន្ធ LTE សម្រាប់ប្រើនៅលើឋានព្រះច័ន្ទផងដែរ ដោយបានសហការជាមួយក្រុមហ៊ុន Vodafone ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការខលជាវីដេអូក្នុងកម្រិត HD ពីឋានព្រះច័ន្ទ មកកាន់ផែនដី ប៉ុន្តែគម្រោងមួយនេះត្រូវបានផ្អាក់ទៅវិញ៕