(ភ្នំពេញ)៖ លោក មៀច សុផាន់ណា ប្រធានសហព័ន្ធកីឡាយានយន្ដកម្ពុជា បានបើកភ្លើងខៀវស្វាគមន៍ឈាមថ្មី ដែលចង់ចូលរួមអភិវឌ្ឍវិស័យកីឡាយានយន្ដកម្ពុជា។ លើសពីនេះ ក្រោយសហព័ន្ធរីកចម្រើន និងរឹងមាំហើយនោះ លោកក៏នឹងលាលែងពីតំណែង ស្វែងរកអ្នកថ្មីមកជំនួសកៅអីប្រធានសហព័ន្ធនេះផងដែរ។

ការថ្លែងបែបនេះបានធ្វើឡើងក្នុងមហាសន្និបាតបញ្ចប់អាណត្តិទី២ ឆ្នាំ២០១៦-២០២០ និងបន្ដអាណត្តិទី៣ ឆ្នាំ២០២០-២០២៤ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) នៅថ្ងៃទី១៦ ខែតុលា ស្របពេលសមាជិកប្រតិបត្តិសហព័ន្ធទាំងអស់ បានបោះឆ្នោតគាំទ្រលោកធ្វើជាប្រធានសហព័ន្ធអាណត្តិទី៣។

ប្រធានសហព័ន្ធខាងលើបានបញ្ជាក់ថា «សហព័ន្ធក៏មិនចង់កម្រិតតែគ្នាប៉ុន្មាននាក់ហ្នឹងទេ យើងចង់ទទួលនូវឈាមថ្មី បានន័យថា បងប្អូនដែលមានគំនិតយោបល់ថ្មី មកចូលក្នុងគណៈកម្មាធិការប្រតិបត្តិនេះដែរ ។ ហើយបើគ្រប់គ្រាន់ និងរឹងមាំហើយ ខ្ញុំក៏អាចលាឈប់ រកអ្នកថ្មីមកជំនួសខ្ញុំម្ដង ព្រោះខ្ញុំក៏ហត់មកយូរហើយ...» ។

ម្យ៉ាងបច្ចុប្បន្នកីឡាយានយន្ដកម្ពុជា ក៏បានដើរដល់ចំណុចមួយ ដែលមានការទទួលស្គាល់ពីឆាកអន្ដរជាតិផងដែរ បន្ទាប់ពីក្លាយជាសមាជិកពេញសិទ្ធរបស់សហព័ន្ធកីឡាយានយន្ដអន្ដរជាតិ ដែលកម្ពុជាអាចចេញ License ដើម្បីបញ្ជូនកីឡាករឲ្យចេញទៅចូលរួមការប្រកួតលើឆាកអន្ដរជាតិបានទៀតផង ។ លោក មៀច សុផាន់ណា បន្ថែម ។

គួរបញ្ជាក់ថា ក្នុងមហាសន្និបាតបញ្ចប់អាណត្តិទី២ បន្ដអាណត្តិទី៣ សហព័ន្ធក៏បានបន្ថែមសមាជិក ៧រូបផងដែរ បន្ទាប់ពីសមាជិកចាស់ ៥រូបបានលាឈប់ ដែលធ្វើឲ្យសមាជិកសហព័ន្ធកីឡាយានយន្ដកម្ពុជាអាណត្តិថ្មី កើនដល់ ១៩នាក់ ក្រោមការដឹកនាំរបស់លោក មៀច សុផាន់ណា ។ លើសពីនេះ សហព័ន្ធកីឡាបានតែងតាំងទីប្រឹក្សាចំនួន ៨នាក់ផងដែរ៕