(ភ្នំពេញ)៖ ក្រុមហ៊ុន វ័នម៉រ មេនូហ្វេកឆឺរីង ដែលជាក្រុមហ៊ុនផលិតមីជាតិនោះ បាននាំយកសម្ភារបច្ចេកទេស ថ្នាំសង្កូវ និងស្បៀងអាហារជាច្រើនចែកជូនដល់កងកម្លាំងសង្គ្រោះទឹកជំនន់ ដែលឈរជើងក្នុងភូមិសាស្ត្រខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលសកម្មភាពនេះបានបង្ហាញពីការចូលរួមយកចិត្តទុកដាក់របស់វិស័យឯកជន ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះជំនន់ទឹកភ្លៀង។

សកម្មភាពមនុស្សធម៌ សង្គមធម៌បានធ្វើឡើងនាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ ក្រោមវត្តមានលោក ហុង សុវណ្ណ តំណាងក្រុមហ៊ុន វ័នម៉រ មេនូហ្វេកឆឺរីង។ នាឱកាសនោះ លោកបានលើកឡើងថា ដោយមើលឃើញពីតម្រូវការចាំបាច់របស់កងកម្លាំងសង្គ្រោះ មីជាតិបានរៀបចំបន្ទាន់នូវសម្ភារបច្ចេកទេស និងស្បៀងអាហារជាច្រើន ដើម្បីចូលរួមសម្រួលដល់ប្រតិបត្តិការសង្គ្រោះរបស់កងកម្លាំង ក្នុងស្ថានភាពគ្រោះជំនន់ទឹកភ្លៀងនាពេលនេះ។

លោកបានបន្ដថា អំណោយទាំងនេះកើតចេញពីមូលនិធិមីជាតិ ដែលទទួលបានពីការគាំទ្រពីអតិថិជន និងការលើកទឹកចិត្តយ៉ាងខ្លាំងពីរាជរដ្ឋាភិបាលកម្ពុជា មានន័យថា ក្រុមហ៊ុនបានដកយកថវិកាមួយផ្នែកដែលបានពីការលក់មីជាតិ ដើម្បីយកមកចូលរួមជាមួយសង្គម ក្រោមគោលការណ៍ខ្មែរ ដើម្បីខ្មែរ។

សកម្មភាពរបស់មីជាតិមិនមែនជាលើកទីមួយឡើយ កន្លងមក មីជាតិក៏ធ្លាប់បានរៀបចំសកម្មភាពជាច្រើន ដូចជាការផ្តល់អំណោយសប្បុរសធម៌ដល់ប្រជាជនក្រីក្រក្នុងរាជធានី-ខេត្ត និងការឧបត្ថម្ភបរិច្ចាគទៅឱ្យកម្មវិធីសប្បុរធម៌នានាផងដែរ។

ឧត្តមសេនីយ៍ទោ សូយ ណារិទ្ធ មេបញ្ជាការអង្គភាពសង្គ្រោះលេខ ៧១១ ដែលកំពុងប្រចាំការនៅកន្លែងជួយសង្គ្រោះ បានឱ្យដឹងថា ការផ្តល់ជូនសម្ភារបច្ចេកទេសរបស់ក្រុមហ៊ុនផលិតមីជាតិនេះ គឺជាកាយវិការសប្បុរសធម៌ដ៏ប្រពៃ ដែលបង្ហាញពីការយកចិត្តទុកដាក់របស់វិស័យឯកជន ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីជួយសម្រួលតម្រូវការចំពោះមុខរបស់កងកម្លាំង ដែលកំពុងប្រតិបត្តិការសង្គ្រោះប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង។

គួរបញ្ជាក់ថា សម្ភារបច្ចេកទេស និងគ្រឿងឧបភោគ-បរិភោគនោះ រួមមាន៖ ទូកសង្គ្រោះ អាវភ្លៀង អង្រឹង ពិល ថ្នាំសង្កូវរាប់រយបន្ទះ មីជាតិ ទឹកពិសាវីតាល់ និងគ្រឿងឧបភោគ-បរិភោគជាច្រើនកញ្ចប់។ មីជាតិជឿជាក់ថាសកម្មភាពសប្បុរសធម៌នេះ នឹងបានរួមចំណែកសម្រាលការលំបាករបស់កងកម្លាំង ដែលកំពុងប្រតិបត្តិការសង្គ្រោះប្រជាពលរដ្ឋក្នុងស្ថានភាពលំបាកនេះ៕