(ភ្នំពេញ)៖ ហាង់លក់មាន់បំពងដ៏ឈ្ងុយឆ្ងាញ់ Chicken Pops បានបើកដំណើរការរយៈពេល ២ខែមកហើយ ខណៈមកដល់ពេលនេះ ពង្រីកបាន ១៦សាខា នៅរាជធានីភ្នំពេញ ដោយសារសន្ទុះនៃការគាំទ្រពីអតិថិជន ចេះតែកើនឡើងឥតឈប់ឈរ។
បើកដំណើរការដំបូងនៅខែសីហា ឆ្នាំ២០២០ Chicken Pops បានសម្ពោធសាខាថ្មីមួយទៀត នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០តែម្តង ដែលសាខានេះស្ថិតនៅទល់មុខ ក្រសួងទេសចរណ៍ឆៀងខាងជើង ក្បែររបងវិទ្យាល័យបាក់ទូក។
ថ្លែងក្នុងពិធីសម្ពោធហាងថ្មីនេះ លោកស្រី ហួន កល្យាណ អគ្គនាយិកាក្រុមហ៊ុន THK Food Zone ម្ចាស់ហ្វ្រេនឆាយ Chicken Pops បានឲ្យដឹងថា Chicken Pops បានទិញរសជាតិពីក្រៅប្រទេសមក ប៉ុន្តែសម្រាប់ការចេញជាហ្វ្រេនឆាយ គឺលោកស្រីជាអ្នកបង្កើតដោយខ្លួនឯង។ ការបង្កើតនេះ ដោយសារលោកស្រីចង់បង្ហាញថា កូនខ្មែរយើងក៏អាចច្នៃម្ហូប Fast Food បែបបរទេស មកជារបស់ខ្មែរបានដែរ។
មាន់សម្រាប់បំពងរបស់ Chicken Pops យកមកពីក្នុងប្រទេសផ្ទាល់តែម្តង គឺមិននាំចូលនោះទេ។ មូលហេតុដែលជ្រើសយកតែមាន់ក្នុងប្រទេសនេះមកប្រើ គឺលោកស្រី ហួន កល្យាណ ចង់គាំទ្រប្រជាជនខ្មែរដែលមានកសិដ្ឋានចិញ្ចឹមមាន់ និងមានរោងចក្រច្នៃសាច់មាន់ ដើម្បីឲ្យការលក់របស់ពួកគាត់ បានកាន់តែច្រើន។ ម្យ៉ាងទៀត ក៏ដើម្បីយកបានតែមាន់ស្រស់សម្រាប់អតិថិជន ព្រោះហាងនេះផ្តោតលើរសជាតិមាន់សំខាន់ណាស់។
«យើងចង់បានរសជាតិ។ Chicken Pops គឺផ្តោតលើសាច់មាន់ អញ្ចឹងយើងចង់ឲ្យមាន់ គឺស្រស់ជានិច្ច»។ នេះជាការបញ្ជាក់ របស់លោកស្រីអគ្គនាយិកាក្រុមហ៊ុន។
ទន្ទឹមនឹងការពង្រីកសាខាជាបន្តបន្ទាប់នេះ លោកស្រី ហួន កល្យាណ ក៏បានប្រកាសពីការលក់ហ្វ្រនឆាយ និងលក់ភាគហ៊ុនផងដែរ។ មានន័យថា លោកអ្នកដែលចង់ទិញ ហ្វ្រេនឆាយរបស់ Chicken Pops ទៅបើកអាជីវកម្មទាំងមូលក៏បាន និងចង់ទិញចូលជាភាគហ៊ុនជាមួយក្រុមហ៊ុន ដើម្បីបើកសាខាណាមួយក៏បាន។ មិនតែប៉ុណ្ណោះ ការទិញភាគហ៊ុននេះទៀតសោត បើសិនជាសាខានោះក្នុងរយៈពេល ១ឆ្នាំ លក់មាន់បំពងមិនសូវដាច់ ខាងក្រុមហ៊ុនធានាទិញហ៊ុននោះយកមកវិញទៀតផង។
លោកស្រីអគ្គនាយិកាដដែល បានបន្ថែមថា ក្រុមហ៊ុនធានារៀបចំគ្រប់យ៉ាង សម្រាប់អ្នកចង់បើកអាជីវកម្មលើហ្វ្រនឆាយមួយនេះ គឺទាំងការរៀបចំហាង ការរៀបចំទីផ្សារ និងការរៀបចំបុគ្គលិកជាដើម។ ក្រុមហ៊ុន ក៏បានគិតគូរពីការចំណេញរបស់ដៃគូអាជីវកម្ម គឺលទ្ធភាពនៃការចំណេញទទួលបានច្រើនផងដែរ។
លោកស្រីបញ្ជាក់ទៀតថា «សម្រាប់បងប្អូនដែលទិញហ្វ្រេនឆាយទៅ ក្រុមហ៊ុនទុកឲ្យគាត់ចំណេញ ពី៤៥ភាគរយ ទៅ៥៥ភាគរយ»។
គួរឲ្យដឹងថា Chicken Pop មានទីតាំងសម្រាប់កុម្មង់ ញ៉ាំ និងកន្លែងទទួលយកមាន់បំពងយ៉ាងទូលាយ។ បុគ្គលិកទៀតសោត ពោរពេញទៅដោយភាពរាក់ទាក់ និងស្នាមញញឹមទទួលអតិថិជន គ្រប់ពេលវេលាទាំងអស់៕