(សេអ៊ូល)៖ ក្រុមហ៊ុនអាមេរិក Uber បានប្រកាសថា ខ្លួននឹងបណ្តាក់ទុនជាង១៥០លានដុល្លារទៅក្នុងការបង្កើតអាជីវកម្មរួម និងក្នុងភាពជាដៃគូជាមួយក្រុមហ៊ុនកូរ៉េខាងត្បូង SK Telecom ដែលផ្តោតលើការប្រកួតប្រជែងក្នុងវិស័យសេវាហៅតាក់ស៉ីតាមអនឡាញ (Ride-hailing) នៅប្រទេសអាស៉ីខាងកើតមួយនេះ។
យោងតាមក្រុមហ៊ុនទាំងពីរ SK Telecom នឹងបំបែកសេវាកម្មតាក់ស៉ីរបស់ខ្លួនហៅថា T Map Taxi ទៅជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយតែម្តងហៅថា T Map Mobility នាពេលខាងមុខក្នុងឆ្នាំនេះ ដែលនឹងទទួលបានការវិនិយោគដោយផ្ទាល់ទំហំ៥០លានដុល្លារពីក្រុមហ៊ុន Uber។ ក្រុមហ៊ុន T Map Mobility ក៏នឹងប្រើប្រាស់គុណប្រយោជន៍ពីបច្ចេកវិទ្យា 5G, AI, ព្រមទាំងបច្ចេកវិទ្យាប្រាប់ផ្លូវ ដែលក្រុមហ៊ុន SK Telecom មានស្រាប់ផងដែរ។
ក្រោយពេល T Map Mobility លេចចេញជារូបរាង ក្រុមហ៊ុននេះនឹងបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធផ្ទាល់ខ្លួន ដែលជាអាជីវកម្មរួមគ្នាជាមួយ Uber ហើយមិនទាន់មានឈ្មោះផ្លូវការនៅឡើយទេ។ ក្រុមហ៊ុន Uber នឹងបណ្តាក់ទុន១០០លានដុល្លារក្នុងក្រុមហ៊ុនរួមនេះ ជាមួយ SK Telecom។ ក្នុងក្រុមហ៊ុនរួមដដែលនេះ Uber នឹងកាន់កាប់ចំណែកភាគហ៊ុន៥១ភាគរយ ខណៈ T Map Mobility កាន់កាប់៤៩ភាគរយ។
គួរជម្រាបថា ទាំង Uber និង SK Telecom គឺសុទ្ធតែមានធ្វើប្រតិបត្តិការអាជីវកម្មផ្តល់សេវាហៅតាក់ស៉ីជិះតាមអនឡាញរៀងៗខ្លួន នៅក្នុងប្រទេសកូរ៉េខាងត្បូង ប៉ុន្តែក្រុមហ៊ុនទាំងពីរនៅពីក្រោយក្រុមហ៊ុនកូរ៉េខាងត្បូង Kakao ដែលបច្ចុប្បន្ននាំមុខដាច់គេ ខាងសេវានេះ។ ដូច្នេះហើយទើប Uber និង SK Telecom សម្រេចសហការគ្នា ដម្បីបង្កើនលទ្ធភាពប្រកួតប្រជែង។ សម្រាប់ SK Telecom ដែលជាក្រុមហ៊ុនទូរគមនាគមន៍ ប៉ុន្មានឆ្នាំចុងក្រោយនេះបាននិងកំពុងបន្តផ្តោតលើការពង្រីកអាជីវកម្មឲ្យកាន់តែចម្រុះបែប៕