(ព័រទុយហ្គាល់)៖ កីឡាករបាល់ទាត់លំដាប់ពិភពលោក Cristiano Ronaldo បានឆ្លើយតបទៅនឹង រដ្ឋមន្ត្រីក្រសួងកីឡារបស់អ៉ីតាលី ដោយបានបដិសេធថា លោកបានបំពានវិធានការការពារវីរ៉ុស ដែលអនុម័តសម្រាប់ការប្រកួតបាល់ទាត់ នៅក្នុងប្រទេសមួយនេះ បន្ទាប់ពីលោកបានវិលត្រឡប់ មកពីបំពេញតួនាទីលំដាប់អន្តរជាតិ ស្របពេលដែលមានភាពវិជ្ជមាន នៃវីរ៉ុស COVID-19, នេះបើយោងតាមសារព័ត៌មាន CGTN ចេញផ្សាយថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០។

គួររំលឹកថា កាលពីថ្ងៃព្រហស្បត្តិ៍ រដ្ឋមន្ត្រីក្រសួងកីឡាអ៉ីតាលី លោក Vincenzo Spadafora បានលើកឡើងថា ប្រធានក្រុមបាល់ទាត់ជម្រើសជាតិ របស់ព័រទុយហ្គាល់រូបនេះ បានបំពានវិធានការ បន្ទាប់ពីលោកបានចាកចេញពីការរស់នៅដាច់ដោយឡែកពីគេជាមួយនឹងក្លិប Juventus របស់លោក ដើម្បីចូលរួមជាមួយនឹង ក្រុមបាល់ទាត់ជម្រើសជាតិរបស់លោក ហើយបន្ទាប់មកបានវិលត្រឡប់ទៅកាន់ប្រទេសអ៉ីតាលីវិញ ក្រោយពីបានរកឃើញថាមានភាពវិជ្ជមាននៃវីរ៉ុស COVID-19។

កីឡាករ Ronaldo បានលើកឡើង នៅក្នុងកិច្ចសម្ភាសន៍ ចេញផ្សាយតាមរយៈ Instagram ថា «ខ្ញុំមិនដែលបំពានវិធានការនោះទេ, ខ្ញុំបានគោរពតាមរាល់វិធានការទាំងអស់ ហើយខ្ញុំនឹងបន្តគោរពតាមទៀត, គ្រប់យ៉ាងដែលខ្ញុំបានធ្វើ គឺមានការអនុញ្ញាតត្រឹមត្រូវ»

កីឡាករ Ronaldo បច្ចុប្បន្នកំពុងរស់នៅដាច់ដោយឡែកពីគេ នៅឯផ្ទះរបស់លោក ស្ថិតក្នុងទីក្រុង Turin ប្រទេសអ៉ីតាលី បន្ទាប់ពីធ្វើដំណើរមកពីប្រទេសព័រទុយហ្គាល់ តាមរយៈយន្តហោះសង្គ្រោះបន្ទាន់៕