(ភ្នំពេញ)៖ លោកឧកញ៉ា ឡេង ណាវ៉ាត្រា និងគ្រួសារ Galaxy Navatra ដែលមានតារាចម្រៀងល្បីៗដូចជាលោក ព្រាប សុវត្ថិ, លោក ខេម, កញ្ញា តន់ ច័ន្ទសីម៉ា ជាដើមនោះ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ស្អែកនេះ នឹងអញ្ជើញចុះចែកអង្ករចំនួន៥០តោន និងគ្រឿងឧបភោគបរិភោគផ្សេងៗទៀត ជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង នៅខេត្តបន្ទាយមានជ័យ។

តារាចម្រៀងល្បីៗរបស់ផលិតកម្ម Galaxy Navatra មានលោក ព្រាប សុវត្ថិ, លោក ខេម និងកញ្ញា តន់ ច័ន្ទសីម៉ា បានប្រកាសលើ Facebook ផ្លូវការរបស់ពួកគេព្រមៗគ្នានៅយប់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០យ៉ាងដូច្នេះថា «ជម្រាបសួរបងប្អូនពូមីងអ៊ុប្រុស អ៊ុស្រី លោកតា លោកយាយទាំងអស់ ថ្ងៃស្អែកនេះខ្ញុំ និងលោកអគ្គនាយកឧកញ៉ា ឡេង ណាវ៉ាត្រា រួមទាំងក្រុមគ្រួសារ Galaxy Navatra ទាំងអស់ បានរៀបចំនូវអង្ករ៥០តោន និងគ្រឿងបរិភោគផ្សេងៗជាច្រើន ដើម្បីចែកជូនដល់បងប្អូនពូមីង អ៊ុប្រុស អ៊ុស្រី លោកតាលោកយាយ ដែលរងគ្រោះដោយសារទឹកជំនន់នៅខេត្ត បន្ទាយមានជ័យ»

សូមជម្រាបថា ឧកញ៉ា ឡេង ណាវ៉ាត្រា ត្រូវបានគេមើលឃើញថា កំពុងចូលរួមយ៉ាងសកម្ម ក្នុងសកម្មភាពមនុស្សធម៌ ក្នុងប្រទេសកម្ពុជា។ ជាក់ស្តែងប៉ុន្មានថ្ងៃមុននេះ លោកឧកញ៉ាទើបបានបរិច្ចាគថវិកា រហូតដល់៦០ម៉ឺនដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីយកទៅប្រើប្រាស់ជួយសង្គ្រោះពលរដ្ឋ ដែលរងទុក្ខដោយសារទឹកជំនន់៕