(ភ្នំពេញ)៖ ក្រុមយុវជនសាលាបាល់ទាត់ជាតិបាទីអាយុក្រោម ១៨ឆ្នាំបានធ្លាក់ទៅលេងលីគទី២ កម្ពុជា នារដូវកាលក្រោយហើយ បន្ទាប់ពីត្រូវក្រុមភ្ញៀវអង្គរថាយហ្គឺរ វាយបកយកឈ្នះ ២-១ ក្នុងជំនួបសប្ដាហ៍ទី១៩ នៃលីគកំពូលកម្ពុជា ឆ្នាំ២០២០ នៅទីលានសាលាបាល់ទាត់ជាតិបាទី កាលពីល្ងាចថ្ងៃទី១៨ ខែតុលា។

ក្នុងជំនួបដ៏ស្វិតស្វាញនេះ ក្រុម U18 បាទី ធ្វើបានយ៉ាងល្អ ដោយរារាំងសំណាញ់ទីមិនឲ្យរបូតគ្រាប់បាល់ឡើយនៅវគ្គទី១ ព្រមទាំងរកបានគ្រាប់បាល់នាំមុខ ១គ្រាប់ ដោយកីឡាករ សេង សម្បត្តិ នៅនាទី៧១ ទៀតផង ។ តែសោកស្ដាយចុងម៉ោង ក្រុមអង្គរថាយហ្គឺរ បានវាយបករហូតរកបាន ២គ្រាប់វិញ ដែលជាគ្រាប់ជ័យជម្នះតែម្ដង។

ការបរាជ័យនេះ បានធ្វើឲ្យក្រុមយុវជន ដែលគ្រប់គ្រងដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជានេះ បានរបូតឱកាសលេងលីគកំពូលកម្ពុជា ឆ្នាំ២០២១ ហើយធ្លាក់ទៅលេងលីគទី២ នារដូវកាលថ្មីវិញ ទោះនៅសល់ ១ប្រកួតក្នុងដៃក៏ដោយ ក្រោយឆ្លងកាត់ ១៧ប្រកួតឈ្នះ ១ ស្មើ ៣ និងចាញ់ ១៣ រកបាន ៦ពិន្ទុ ចាញ់ប្រៀបក្រុមអគ្គិសនីកម្ពុជា ៤ពិន្ទុ។

ដោយឡែកក្រុមអង្គរថាយហ្គឺរ បានបង្កើនគម្លាតពិន្ទុកាន់តែដាច់ឆ្ងាយពីគូប្រជែង ដែលឈរលេខរៀងទី៧ ដល់លេខរៀងទី១៣ ដោយរកបាន ៣៣ពិន្ទុ និងនៅសល់ ១ប្រកួតក្នុងដៃដូចគ្នា៕