(ក្រុងឡុងដ៍)៖ កីឡាករខ្សែបម្រើ-ប្រយុទ្ធ Gareth Bale បានបង្ហាញខ្លួនក្នុង ១ប្រកួតដំបូងនៅ Premier League ក្នុងជំនួបដែលក្លិប Tottenham Hotspur លេងបានត្រឹមស្មើ ៣-៣ ទល់នឹងក្រុមញញួរធំ West Ham United នៅរាត្រីថ្ងៃអាទិត្យ ទី១៨ ខែតុលា ឆ្នាំ២០២០។

កីឡាករអន្តរជាតិវ៉េល វ័យ ៣១ឆ្នាំ Bale ត្រូវបានលោក Jose Mourinho ដាក់ឲ្យចូលលេងតែជិត ២០នាទីប៉ុណ្ណោះ ដោយជំនួសមិត្តរួមក្រុម Steven Bergwijn ក្នុងនាទី៧២ នៅពេលដែលក្រុមមាន់ខ្នាយមាសប្រចាំទីក្រុង London បានបើកការនាំមុខ West Ham ក្នុងលទ្ធផល ៣-០ ទៅហើយនោះ។

តែមិននឹកស្មានលទ្ធផលក្រឡាប់ចាក់ធ្វើឲ្យបាត់បង់ ៣ពិន្ទុក្នុងដីទៅវិញនៅពេលដែល Fabian Baluena និង Manuel Lanzini រកបានម្នាក់ ១គ្រាប់ និង Own goal របស់ខ្សែការពារ Davinson Sanchez នៅនាទីចុងម៉ោងដោយមិននឹកស្មាន ក្រៅពី Harry Kane រកបាន ២គ្រាប់ម្នាក់ឯង និង Son Heung-min រកបាន ១គ្រាប់ដែរតាំងពីវគ្គទី១ មកម្ល៉េះ។

នេះជាលទ្ធផលស្មើលើកទី២ នៅ Premier League ក្នុងចំណោម ៥ប្រកួតនារដូវកាលថ្មីឆ្នាំ២០២០-២០២១ នេះ ក្រៅពីឈ្នះ២ និងចាញ់១ មាន៨ពិន្ទុ ឈរនៅលេខរៀងទី៦ បណ្តោះអាសន្ន នាំមុខ West Ham United ត្រឹម ១ពិន្ទុដែលកំពុងឈរនៅចំណាត់ថ្នាក់ទី៨៕