(លីវើភូល)៖ Virgil van Dijk ខ្សែការពារកណ្តាលរបស់ Liverpool នឹងអវត្តមានរយៈពេលវែងពីការវះកាត់ជង្គង់ខាងស្តាំរបស់គេ ដែលខកខានជំនួបបើកឆាក UEFA Champions League សប្តាហ៍នេះផងដែរទល់នឹងក្រុមហូឡង់ Ajax។

ខ្សែការពារអន្តរជាតិហូឡង់ Van Dijk ត្រូវបានប្តូរចេញតាំងពីវគ្គទី១ នៅពេលប៉ះបង្គិចគ្នាធ្វើឲ្យមានរបួសជាមួយ Jordan Pickford អ្នកចាំទីរបស់ Everton ក្នុងជំនួបដែលបញ្ចប់ទៅដោយលទ្ធផលស្មើគ្នា ២-២ នៅកីឡដ្ឋាន Goodison Park កាលពីរាត្រីថ្ងៃសៅរ៍សប្តាហ៍មុនក្នុងលីគកំពូលអង់គ្លេស Premier League ជើងទី១ នៃសប្តាហ៍ទី៥។

តាមរយៈពីក្រុមគ្រូពេទ្យរបស់ក្លិបនៅមិនទាន់បញ្ជាក់ពីរយៈពេលសម្រាកព្យាបាលរបស់កីឡាករខ្សែការពារ វ័យ ៣១ឆ្នាំនៅឡើយទេ។ នេះបើយោងតាមការចេញផ្សាយដោយ BBC នៅថ្ងៃចន្ទ ទី១៩ ខែតុលា ឆ្នាំ២០២០ នេះ តែ Van Dijk បានបង្ហោះនៅលើបណ្តាញសង្គមរបស់ខ្លួនថា «ខ្ញុំត្រៀមខ្លួនរួចរាល់ជានិច្ចសម្រាប់ការប្រកួតខាងមុខ។ ខ្ញុំនឹងព្យាយាមធ្វើគ្រប់យ៉ាង ដើម្បីឲ្យជាទាន់ពេលឆាប់ៗនេះ ប្រសិនបើអាចធ្វើទៅបាន»

Virgil van Dijk បានចូលលេងគ្រប់ការប្រកួតក្នុងក្លិបហង្សក្រហម Liverpool នារដូវកាលនេះ ហើយក៏ជាខ្សែការពារដែលលោក Jurgen Klopp មិនអាចខ្វះបានផងដែរ គ្រាដែលមិត្តរួមក្រុម Josehp Gomez នៅមិនអាចជំនួសកន្លែងបានល្អឡើយ៕