(ភ្នំពេញ)៖ ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេនៅកម្ពុជា បន្ដប្រកាសថា ក្រុមហ៊ុនបានបង្កើតមូលនិធិជួយសង្គ្រោះពលរដ្ឋរងគ្រោះទឹកជំនន់ ដើម្បីផ្ដល់ឱកាសដល់អតិថិជនរបស់ខ្លួន អាចចូលរួមបរិច្ចាគថវិកា ក្នុងការជួយដល់ប្រជាពលរដ្ឋកម្ពុជា ដែលកំពុងទទួលរងការបំផ្លិចបំផ្លាញពីគ្រោះទឹកជំនន់ នៅទូទាំងប្រទេសនាពេលថ្មីៗនេះ។

គ្រាន់តែចុច *2020*50# ហើយចុចបញ្ចូនលើទូរស័ព្ទដៃរបស់ពួកគេ អតិថិជន Smart អាចបរិច្ចាគ ៥០សេន ឬពួកគេអាចបរិច្ចាគ ១ដុល្លារ ដោយចុចគ្រាន់តែចុច *2020*100 #និងចុចបញ្ចូន។

ចំពោះជំនួយបរិច្ចាគប៉ុន្មាន ដែលនឹងទទួលបានពីអតិថិជន ក្រុមហ៊ុន Smart ក៏នឹងចូលរួមបរិច្ចាគថវិកាស្មើចំនួនប៉ុណ្ណោះផងដែររហូតដល់ចំនួនទឹកប្រាក់ ២០ម៉ឺនដុល្លារ។ ថវិកាបរិច្ចាគទាំងនោះ នឹងត្រូវចែកចាយជាសម្ភារចំបាច់ដល់ជនរងគ្រោះតាមរយៈអជ្ញាធរខេត្ត នៅតាមបណ្ដាខេត្តដែលរងគ្រោះខ្លាំងជាងគេបំផុត។

យ៉ាងហោចណាស់មនុស្សចំនួន ១៦នាក់ បានបាត់បង់ជីវិតដោយសារគ្រោះទឹកជំនន់នៅកម្ពុជា ចាប់តាំងពីដើមខែតុលា ដែលបណ្តាលមកពីព្យុះត្រូពិច ដែលបានបោកបក់ជាបន្តបន្ទាប់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

លោក ថូម៉ាស ហ៊ុន (Thomas Hundt) នាយក ប្រតិបត្តិ ក្រុមហ៊ុន Smart Axiata បានថ្លែងថា «ដោយកម្ពុជាកំពុងប្រឈមនឹងគ្រោះមហន្តរាយធម្មជាតិនេះ ក្រុមហ៊ុន Smart នឹងបន្តផ្តល់ជំនួយទៅកាន់ទីកន្លែងដែលទទួលរងទុក្ខខ្លាំងជាងគេបំផុត។ ការផ្តល់ឱកាសដល់អតិថិជនរបស់យើង ដើម្បីជួយគ្នាទៅវិញទៅមកក្នុងគ្រាមានអាសន្នបែបនេះ នឹងបង្កើតឥទ្ធិពលវិជ្ជមានសម្រាប់កម្ពុជាជារួម។ យើងជឿជាក់យ៉ាងមុតមាំ ក្នុងការប្រើប្រាស់ស្មារតីសហគមន៍ និងចិត្តសប្បុរសធម៌របស់អតិថិជនរបស់យើង ដើម្បីផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់អ្នកដែលត្រូវការបំផុតនៅគ្រាលំបាកនេះ»។

កាលពីដើមឆ្នាំនេះ ក្រុមហ៊ុន Smart Axiata បានប្រកាសអំពីការបង្កើត មូលនិធិទឹកប្រាក់ ១លានដុល្លារ ដើម្បីប្រឆាំងជំងឺកូវីដ១៩ ក្នុងការផ្តល់ជំនួយហិរញ្ញវត្ថុ ទៅកាន់ដំណោះស្រាយផ្សេងៗ ដែលអាចជួយដោះស្រាយតម្រូវការបន្ទាន់បំផុតរបស់កម្ពុជា ក្នុងកំឡុងពេលមានវិបត្តិជាសកលនេះ។
កំណើននៃកម្រិតទឹក គឺជាបាតុភូតធម្មជាតិប្រចាំឆ្នាំមួយ នៅកម្ពុជា ហើយភាគច្រើននៃកសិករ និងអ្នកនេសាទរបស់ប្រទេសពឹងផ្អែកលើទឹកលំនាច និងលំហូររបស់ទឹកបឹង និងទឹកទន្លេ។ ប៉ុន្តែ នៅឆ្នាំនេះការកើនឡើងនៃកម្រិតទឹកទទួលរងសម្ពាធធ្ងន់ធ្ងរ ដោយសារភ្លៀងមូសុង ដែលបង្កឱ្យមានការខូចខាតនៅទូទាំងប្រទេស។

ដោយមានរាជរដ្ឋាភិបាល និងទីភ្នាក់ងារសង្គ្រោះបន្ទាន់ ចូលរួមប្រមូលធនធាន ដើម្បីទប់ទល់នឹងផលប៉ះពាល់ដោយសារទឹកជំនន់នេះ ឥទ្ធិពលរួមផ្សំពីការបរិច្ចាគជាលក្ខណៈបុគ្គលតាមលទ្ធភាព ពីអតិថិជនចំនួន ៨លាននាក់របស់ក្រុមហ៊ុន Smart នឹងផ្ដល់ការគាំទ្រយ៉ាងខ្លាំងដល់កិច្ចខិតខំនេះ ដើម្បីនាំយកជំនួយសង្គ្រោះដល់ប្រជាពលរដ្ឋ ដែលរងទុក្ខនៅទូទាំងកម្ពុជា ក្នុងគ្រោះមហន្តរាយធម្មជាតិនេះ។

សម្រាប់ព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗបំផុតអំពី ក្រុមហ៊ុន Smart Axiata សូមតាមដានទំព័រហ្វេសប៊ុករបស់ Smart តាមរយៈ www.facebook.com/SmartForCambodia ឬចូលទៅកាន់គេហទំព័រ www.smart.com.kh៕