(ញូយ៉ក)៖ ក្រុមហ៊ុនអាកាសចរណ៍អាមេរិក American Airlines មានផែនការធ្វើប្រតិបត្តិការយន្តហោះដឹកអ្នកដំណើរធុន 737 MAX របស់ក្រុមហ៊ុនផលិតយន្តហោះ Boeing ឡើងវិញ នៅចុងឆ្នាំ២០២០នេះ បន្ទាប់ពីយន្តហោះស៊េរីថ្មីនេះត្រូវបានបញ្ឈរជើងទូទាំងពិភពលោក តាំងតែពីមីនា ឆ្នាំ២០១៩មក ក្រោយករណីគ្រោះថ្នាក់ធ្លាក់យន្តហោះ 737 MAX ពីរលើកដែលសម្លាប់មនុស្ស៣៦៤នាក់។ នេះបើតាមការចេញផ្សាយសារព័ត៌មាន CNN នៅថ្ងៃចន្ទ ទី១៩ ខែតុលា ឆ្នាំ២០២០។

អាកាសចរណ៍ American Airlines បានប្រកាសកាលពីថ្ងៃអាទិត្យកន្លងទៅថា កាលបរិច្ឆេទសម្រាប់ការត្រឡប់ទៅធ្វើប្រតិបត្តិការវិញនេះ គឺនឹងអាស្រ័យទៅលើការទទួលស្គាល់គុណភាពនិងសុវត្ថិភាពសាជាថ្មី របស់រដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិក FAA ចំពោះយន្តហោះ Boeing 737 MAX។

បើតាម American Airlines ក្រោយ 737 MAX ត្រូវបានទទួលស្គាល់ ក្រុមហ៊ុននឹងប្រើយន្តហោះនេះធ្វើប្រតិបត្តិការឡើងវិញ ដោយចាប់ផ្តើមជាមួយជើងហោះមួយជើងក្នុងមួយថ្ងៃ ជារៀងរាល់ថ្ងៃ រវាងទីក្រុងម៉ាយអាមីនិងទីក្រុងញ៉ូយ៉ក ពីថ្ងៃទី២៩ ខែធ្នូ ដល់ថ្ងៃទី០៤ ខែមករា។ អាកាសចរណ៍ American Airlines ក៏នឹងពិចារណាបន្តជើងហោះហើរហួសពីរយៈពេលនេះផងដែរ។

យ៉ាងណាមិញ American Airlines បានបញ្ជាក់ថា ក្រុមហ៊ុននៅទាក់ទងជាប់ជាមួយ FAA និង Boeing ជុំវិញដំណើរការទទួលស្គាល់ 737 MAX ហើយនឹងបន្តអាប់ដេតផែនការរបស់ខ្លួន ដោយអាស្រ័យទៅលើពេលដែលវាត្រូវបានទទួលស្គាល់។

គួរជម្រាបថា ក្នុងខែតុលានេះ FAA ទើបតែបានចេញផ្សាយសេចក្តីព្រាងមួយស្តីពី ការផ្តល់ការហ្វឹកហាត់សម្រាប់អ្នកបើកយន្តហោះ 737 MAX ដែលវាជាជំហាននីតិវិធីមួយ ក្នុងចំណោមនីតិវិធីជាច្រើនដែល FAA បានរៀបចំឡើង មុនពេលយន្តហោះនេះ អាចទទួលបានការអនុញ្ញាតឲ្យហោះហើរសាជាថ្មី។ កាលពីថ្ងៃសុក្រសប្តាហ៍មុន ទីភ្នាក់ងារសុវត្ថិភាពអាកាសចរណ៍អឺរ៉ុប បានបង្ហើបថា ខ្លួនជិតសម្រេចបាននូវការអនុញ្ញាតឲ្យ 737 MAX ហោះហើរវិញហើយ ប៉ុន្តែវាទំនងជានឹងត្រូវប្រើពេលច្រើនជាងមួយខែទៀត៕