(ភ្នំពេញ)៖ ក្រុមបាល់ទាត់កំពង់ស្ពឺ-ណាហ្គាវើលដ៏ បានបន្ថែម ៣ពិន្ទុទៀតហើយ ក្រោយយកឈ្នះក្រុមម្ចាស់ផ្ទះខេត្តកំពង់ធំ ១៦-០ ក្នុងសប្ដាហ៍ទី៤ នៃលីគបាល់ទាត់នារី ឆ្នាំ២០២០។ អ្វីដែលពិសេស គឺកីឡាការិនី យ៉ុន យ៉ើន បានស៊ុតបំប៉ោងសំណាញ់ទីគូប្រកួតចំនួន ១០គ្រាប់ម្នាក់ឯង។

នេះគឺជាជ័យជម្នះលើកទី៤ របស់ក្រុមកំពង់ស្ពឺ-ណាហ្គា ហើយក្នុងចំណោម ៤ប្រកួតរបស់ពួកគេ បានស៊ុតបញ្ចូលទីគូប្រកួតសរុប ៤៨គ្រាប់ និងរបូតត្រឹម ៤គ្រាប់ប៉ុណ្ណោះ ដែលនាំឲ្យក្រុមលោក ម៉ី សុជាតិ រក្សាកៅអីកំពូលតារាង ដោយមាន ១២ពិន្ទុ នាំមុខក្រុមឈរលេខ២ និងលេខ៣ ចំនួន ៤ពិន្ទុ។

ទន្ទឹមជាមួយបន្ដភាពខ្លាំងរបស់ក្រុមបុត្រសម្ព័ន្ធក្លិបណាហ្គាវើលដ៏នេះ កីឡាការិនី យ៉ុន យ៉ើន ក៏ធ្វើឲ្យអ្នកគាំទ្រមានការអារម្មណ៍ខ្លាំងដែរ បន្ទាប់ពីនាងរកបានគ្រាប់បាល់ Hat-Trick គ្រប់ប្រកួត ជាក់ស្ដែងប្រកួតទី១ រកបាន ៧គ្រាប់ ហើយប្រកួតទី២ និងទី៣ រកបាន ៣គ្រាប់ក្នុងមួយប្រកួត ខណៈប្រកួតទី៤ រកបាន ១០គ្រាប់ ដែលនាំឲ្យម្ចាស់អាវលេខ ៩ នេះ ឈរកំពូលតារាង Top-Scorers ដោយរកបាន ២៣គ្រាប់ក្នុងដៃ ។

ក្រឡេកទៅមើលក្រុមបាល់ទាត់នារីភ្នំពេញក្រោន បានយកឈ្នះក្រុមកងយោធពលខេមរភូមិន្ទ ១០-០។ ឯខេត្តសៀមរាប បានប្រកួតស្មើក្រុមម្ចាស់ផ្ទះខេត្តបាត់ដំបង ២-២ ។ លទ្ធផលនេះ ធ្វើឲ្យភ្នំពេញក្រោន មាន ៨ពិន្ទុ តាមស្មើខេត្តសៀមរាប ដើម្បីឈរលេខ២ និងលេខ៣ គ្រាដែលខេត្តបាត់ដំបង ឈរលេខ៤ និងមាន ៧ពិន្ទុ។ ចំណែកក្រុមកងយោធពលខេមរភូមិន្ទ បានបន្ដឈរបាតរាង និងគ្មានពិន្ទុរាប់ឡើយ។

រីឯក្រុមបាល់ទាត់នារីបឹងកេត បានស្គាល់ ១ពិន្ទុដំបូង បន្ទាប់ពីប្រកួតស្មើខេត្តកំពង់ឆ្នាំង ១-១។ ចំណែកមួយប្រកួតទៀត គឺក្រុមព្រះខ័នរាជស្វាយរៀង បានយកឈ្នះខេត្តកណ្ដាល ៧-០ ។ សម្រាប់ ៣ពិន្ទុរបស់ក្រុមបាល់ទាត់នារីព្រះខ័នរាជស្វាយរៀងនេះ នាំឲ្យពួកគេឡើងឈរលេខ៥ និងមាន ៧ពិន្ទុស្មើខេត្តបាត់ដំបងដែរ៕