(ប៉េកាំង)៖ ក្រុមហ៊ុនជំនួញអនឡាញដ៏ធំរបស់ប្រទេសចិនគឺ Alibaba Group Holdings នៅថ្ងៃចន្ទនេះ បានប្រកាសថា នឹងបណ្តាក់ទុនចំនួន ៣.៦ពាន់លានដុល្លារ ទៅក្នុងក្រុមហ៊ុនប្រតិបត្តិករផ្សារទំនើបលំដាប់កំពូលរបស់ចិនគឺ Sun Art Retail Group ដើម្បីពង្រីកសក្តានុពលខ្លួន នៅក្នុងទីផ្សារលក់ដុំរបស់មហាយក្សនៅអាស៉ីមួយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃចន្ទ ទី១៩ ខែតុលា ឆ្នាំ២០២០។

ក្រុមហ៊ុន Alibaba នឹងបង្កើនចំណែកភាគហ៊ុនបច្ចុប្បន្ន ដែលខ្លួនមាននៅក្នុងក្រុមហ៊ុន Sun Art ឲ្យដល់ខ្ទង់៧២ភាគរយ តាមរយៈការទិញចំណែកភាគហ៊ុនក្នុងលក្ខណៈស្រដៀងគ្នា នៅក្រុមហ៊ុនមួយទៀតគឺ A-RT Retail Holdings ដែលមានតម្លៃប្រហែល៣.៦ពាន់លាន ដុល្លារ។ ក្រុមហ៊ុន A-RT មានចំណែកភាគហ៊ុន៥១ភាគរយនៅក្រុមហ៊ុន Sun Art។

Alibaba បានបញ្ជាក់ថា ការសម្រេចចិត្តធ្វើបែបនេះ នឹងជួយជំរុញថែមទៀតលើការធ្វើសមាហរណកម្មរវាងធនធានអនឡាញ (Online) និង និងអហ្វឡាន (Offline) នៅក្នុងវិស័យលក់ទំនិញរបស់ប្រទេសចិន។ កាលពីឆ្នាំ២០១៧ ក្រុមហ៊ុន Alibaba បានទិញចំណែកភាគហ៊ុនចំនួន ៣៦.២ភាគរយនៅក្នុងក្រុមហ៊ុន Sun Art ជាមួយតម្លៃ២.៩ពាន់លានដុល្លារ។

គួរជម្រាបថា សព្វថ្ងៃនេះ ក្រុមហ៊ុន Sun Art ធ្វើប្រតិបត្តិការផ្សារទំនើបធុនធំដល់ទៅ៤៨១កន្លែង និងផ្សារទំនើបធុនមធ្យមចំនួន៣កន្លែង នៅទូទាំងប្រទេសចិន៕