(បន្ទាយមានជ័យ)៖ សកម្មភាពតារាចម្រៀងល្បីៗក្នុងផលិតកម្ម «Galaxy Navatra» មានដូចជាលោកឧកញ៉ា ឡេង ណាវ៉ាត្រា, លោក ព្រាប សុវត្ថិ, កវីនិពន្ធ លោក យឹម តាស្រង់, លោក ខេម, កញ្ញា តន់ ចន្ទសីម៉ា និងប្អូនស្រី អ៊ុក សុវណ្ណារី ចុះទៅស្រុកមង្គលបុរីនាំស្បៀងអាហារអង្ករ៥០តោន និងអាហារហូបចុកផ្សេងៗជូនប្រជាពលរដ្ឋ ដែលកំពុងជន់លិចនាពេលថ្មីៗនេះ ត្រូវបានទទួលការកោតសរសើរពីលោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ, ថ្នាក់ដឹកនាំខេត្ត និងប្រជាពលរដ្ឋដែលកំពុងរងគ្រោះជាច្រើនរយគ្រួសារ។ ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ បានចាត់ទុកថា សកម្មភាពនេះគឺជាការរួមចំណែកឆ្លើយតបចំសភាពការណ៍ និងតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋដែលគាត់កំពុងជួបការលំបាក និងខ្វះខាត។

លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានចាត់ទុកកាយវិការរបស់ក្រុមតារាចម្រៀងល្បីៗទាំងនោះថា ជាកាយវិការដ៏ល្អប្រសើរនិងជាគំរូដ៏ល្អមួយនៅក្នុងសង្គមកម្ពុជា។ ទេសរដ្ឋមន្ត្រី បានថ្លែងទៅកាន់ពួកគេថាសកម្មភាពនេះ គឺជាការរួមចំណែកឆ្លើយតបចំសភាពការណ៍ និងតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ដែលគាត់កំពុងជួបការលំបាក និងខ្វះខាតព្រោះតែទឹកជំនន់។ នេះជាកាយវិការល្អណាស់សម្រាប់សង្គមយើង។ យើងមានបាន យើងថ្កុំថ្កើង យើងល្បីឈ្មោះដល់សព្វថ្ងៃក៏ដោយសារបានការគាំទ្រពីប្រជាជន ដូច្នេះពេលប្រជាជនមានទុក្ខលំបាក យើងត្រូវជួយរំលែកការលំបាករបស់គាត់។ ទង្វើល្អដែលយើងបានធ្វើចំពោះគាត់នឹងធ្វើឲ្យពួកគាត់ចងចាំមិនសាបសូន្យនោះឡើយ។

ដោយឡែកក្រុមតារាចម្រៀងក្នុងផលិតកម្ម Galaxy Navatra ទាំងអស់ដែលបានចុះទៅដល់ផ្ទាល់បានលើកឡើងស្រដៀងៗគ្នា ប្រាប់ដល់ Fresh News Plus ឲ្យដឹងថា «នៅពេលដែលឃើញបងប្អូនខ្មែរមានទុក្ខយើងតែងតែមានទុក្ខដូចពួកគាត់។ អ៉ីចឹងយើងមានសេចក្តីសុខនៅពេលយើងបានចែករំលែកទៅដល់គាត់ ព្រោះយើងគិតថា ជីវិតយើងរស់មិនវែងទេ ១០ឆ្នាំ, ២០ឆ្នាំ, ៣០ឆ្នាំទៀត យើងមិនចឹងថានៅពេលណា? អ៉ីចឹងយើងមានឱកាសហ្នឹង អាចជួយគ្នាបានយើងគួរតែជួយ ព្រោះគាត់ក៏ចង់រស់នៅបានស្រួល គាត់ក៏ចង់មានសេចក្តីសុខអ៊ីចឹងយើងអាចចែករំលែកទៅគាត់ខ្លះទៅ»

ក្រុមតារាចម្រៀង បានប្រឹងប្រែងអស់ពីទាំងកម្លាំងកាយចិត្ត បន្ទាប់ពីបានចុះទៅដល់កន្លែងចែកស្បៀងអាហារ និងសម្ភារៈផ្សេងៗ ទោះក្នុងស្ថានភាពលំបាក ទៅដល់បងប្អូន រងគ្រោះដោយសារទឹកជំនន់ធ្ងន់ជាងគេ នាខេត្តបន្ទាយមានជ័យ ខណៈពួកគេក៏បានបន្តដំណើរចុះទៅកាន់ស្រុកថ្មពួក ដើម្បីពិនិត្យមើលស្ថានភាពទឹកជន់លិច និងផលប៉ះពាល់នៅក្នុងស្រុកនេះបន្តទៀត។

យ៉ាងណាមិញ លោកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលជាអ្នកដឹកនាំតារាចម្រៀងទាំងអស់នោះក៏បានបង្ហាញការគាំទ្រពេញទំហឹងចំពោះសកម្មភាពរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងអាជ្ញាធរដែលបានយកចិត្តទុកដាក់ចំពោះពលរដ្ឋ ដែលកំពុងជួបទុក្ខជំនន់ទឹកភ្លៀងនៅប្រទេសកម្ពុជា។

គួរបញ្ជាក់ថា ក្នុងចំណោមឧកញ៉ាល្បីៗដែលជាម្ចាស់ក្រុមហ៊ុនជាច្រើនរូប បានចូលរួមបរិច្ចាគថវិកាគេឃើញថាលោក ឧកញ៉ា ឡេង ណាវ៉ាត្រា នាយកក្រុមហ៊ុន ឡេង ណាវ៉ាត្រា គ្រុប និងជាម្ចាស់ផលិតកម្ម Galaxy Navatra បានចូលរួមបរិច្ចាគថវិកាជូន៦០ម៉ឺនដុល្លារ ជាចំនួនដែលច្រើនជាងគេ ខណៈអ្នកដែលឈរលេខរៀងទី២បានចូលចំនួន ៥០ម៉ឺនដុល្លារ៕