(ភ្នំពេញ)៖ លោក Keisuke Honda អ្នកចាត់ការក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានបង្ហោះសារចូលរួមសោកស្ដាយ និងបារម្ភជាពន់ពេក ចំពោះគ្រោះមហន្ដរាយជំនន់ទឹកភ្លៀង ដែលបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋកម្ពុជា និងបំផ្លាញផលដំណាំជាច្រើនម៉ឺនហិចតា។

ការបង្ហាញនូវសន្ដានចិត្ដក្នុងគ្រាប្រជាពលរដ្ឋកម្ពុជា កំពុងរងគ្រោះដោយសារជំនន់ទឹកភ្លៀងនេះ សមាជិកក្លិបលីគកំពូលប្រេស៊ីល Botafogo FC ខាងលើបានសរសេរថា «ផ្ញើជូនប្រជាជនកម្ពុជា! ខ្ញុំពិតជាសោកស្ដាយចំពោះជនរងគ្រោះ និងក្រុមគ្រួសាររបស់ពួកគេ ដែលរងគ្រោះដោយសារគ្រោះមហន្ដរាយជំនន់ទឹកភ្លៀង»។

លោកថា «ខ្ញុំមានអារម្មណ៍មិនល្អសោះ ដែលមិនអាចជួយអ្នកបាន ប៉ុន្តែខ្ញុំពិតជាបារម្ភពីអ្នក។ មានតែពាក្យមួយគត់ដែលខ្ញុំអាចនិយាយបានពេលនេះ គឺសូមរស់នៅកន្លែងមានសុវត្ថិភាព និងរក្សាភាពរឹងមាំ។ ជួបគ្នាឆាប់ៗ»។ នេះគឺជាសាររបស់លោក Honda ដែលបានបង្ហោះលើបណ្ដាញសង្គមផ្លូវការរបស់ខ្លួនកាលពីល្ងាចមិញ។

គួរបញ្ជាក់ថា មកទល់ពេលនេះ មានរយៈពេលជាង ១០ថ្ងៃហើយ ដែលជំនន់ទឹកភ្លៀង បានវាយប្រហាររាជធានី និងខេត្តមួយចំនួន ដែលបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋជាច្រើនម៉ឺននាក់ និងគ្រួសារ ហើយគិតត្រឹមព្រឹកថ្ងៃទី២១ ខែតុលានេះ មានអ្នកស្លាប់ដោយសារគ្រោះមហន្ដរាយនេះចំនួន ៣៤នាក់ហើយ៕