(ប៉ារីស)៖ ១គ្រាប់របស់កីឡាករខ្សែប្រយុទ្ធ Marcus Rashford នៅនាទី៨៧ បានធ្វើឲ្យក្រុមអង់គ្លេស បិសាចក្រហម Manchester United យកបាន ៣ពិន្ទុពីជ័យជម្នះ ២-១ ទៅលើម្ចាស់ផ្ទះ Paris Saint-Germain នៃការប្រកួតបើកឆាកពានលីគអឺរ៉ុប UEFA Champions League នៅរាត្រីថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០២០។

នេះក៏ជាគ្រាប់ទី៣ របស់កីឡាករអន្តរជាតិអង់គ្លេស Rashford ផងដែរ បន្ទាប់ពីរូបគេរកបាន ២គ្រាប់ផងដែរកាលពីជួប គ្នានៅកីឡដ្ឋាន Parc des Princes កាលឆ្នាំ២០១៩ ក្នុង UCL នេះដូចគ្នា។

កីឡាករខ្សែបម្រើសញ្ជាតិព័រទុយហ្គាល់ Bruno Fernandes ស៊ុតបាល់ ១១ម៉ែត្របាននៅនាទី២៤ មុនពេលគ្រាប់បាល់តាមស្មើ ១-១ របស់ម្ចាស់ផ្ទះ PSG កើតឡើងដោយការធ្វេសប្រហែសធ្វើឲ្យចូលទីខ្លួនឯងពីកីឡាករ Anthony Martial នៅនាទី៥៥ មុនពេលខ្សែប្រយុទ្ធ Marcus Rashford រកបានគ្រាប់ជ័យជម្នះនៅនាទី៨៧ ដោយស៊ុត ១ជើងស្តាំពីចម្ងាយផុតដៃអ្នកចាំទី Keylor Navas។

សម្រាប់ឯក ១ប្រកួតសន្សំពិន្ទុប្រចាំពូល H នៅយប់មិញនេះដែរ ខ្សែបម្រើ Angelino រកបាន ២គ្រាប់ម្នាក់ឯងជួយក្រុមអាល្លឺម៉ង់ RB Leipzig ក្នុងលទ្ធផលផ្លូវការ ២-០ ទៅលើ Istanbul ដើម្បីឈរកំពូលតារាងពិន្ទុបណ្តោះអាសន្នផងដែរ។ ការប្រកួតបន្ទាប់ Man Utd ត្រូវជួប Leipzig គ្រាដែល Istanbul ត្រូវប៉ះ PSG នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០៕