(អាមេរិក)៖ ក្រុមហ៊ុន Amazon.com Inc បានប្រកាសឱ្យដឹងថា សម្រាប់បុគ្គលិកដែលជាប់កុងត្រាធ្វើការងារពីផ្ទះ (Work from Home) ត្រូវបន្តការងាររហូតដល់ខែមិថុនា ឆ្នាំ២០២១ ទើបអាចត្រឡប់ចូលមកបម្រើការងារនៅក្នុងការិយាល័យ ឬកន្លែងធ្វើការវិញ ដូច ធម្មតា។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០។

អ្នកនាំពាក្យរបស់ Amazon បានឱ្យដឹងថា ដោយសារតែវិបត្តិ និងការរីករាលដាលនៃជំងឺកូវីដ-១៩ នៅតែបន្តកើនឡើង ដូច្នេះក្រុមហ៊ុន បានសម្រេចបន្តការងារ Work from Home សម្រាប់បុគ្គលិកដែលជាប់កុងត្រា រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ទើបអាច ត្រឡប់ ចូលមកបម្រើការងារនៅការិយាល័យ ឬក្រុមហ៊ុនវិញបាន។

នៅក្នុងអំឡុងពេលវិបត្តិកូវីដ-១៩ កើតឡើង ក្រុមហ៊ុន Amazon បានអនុញ្ញាតឱ្យបុគ្គលិកមួយចំនួនធ្វើការពីផ្ទះ ហើយចូលបម្រើការងារដូច ធម្មតាវិញនៅដើមខែមករា ឆ្នាំ២០២១ ប៉ុន្តែដោយសារតែការរីករាលដាលនៃជំងឺមួយនេះ មិនទាន់ធូរស្រាល ទើបក្រុមហ៊ុន Amazon សម្រេចឱ្យបុគ្គលិកទាំងនោះបន្តការងារពីផ្ទះដដែល ចំណែកកិច្ចសន្យាផ្សេងៗប្រហែលត្រូវអនុវត្តដូចមុន ឬមានការកែប្រែមួយចំនួន។

គួរបញ្ជាក់ផងដែរថា បុគ្គលិកក្រុមហ៊ុន Amazon ប្រមាណជា ១៩០០០នាក់នៅសហរដ្ឋអាមេរិក បានឆ្លងជំងឺកូវីដ-១៩ ដោយបុគ្គលិកទាំង នោះភាគច្រើនជាអ្នកជួបផ្ទាល់ជាមួយអតិថិជន ឬគេហៅថា ជាបុគ្គលិកជួរមុខ ហើយពាក់ព័ន្ធនឹងករណីនេះ Amazon ក៏បានខិតខំបង្កើន ប្រព័ន្ធសុវត្ថិភាព និងការថែទាំសុខភាពរបស់បុគ្គលិកផងដែរ៕