(ភ្នំពេញ)៖ ក្រុមហ៊ុនសេវាអ៊ិនធឺណិតឈានមុខគេ EZECOM បានប្រកាសអំពីការ រៃអង្គាសមូលនិធិ ពីចំណោមបុគ្គលិកជាង៣០០នាក់ ក៏ដូចជាអតិថិជន ដៃគូសហការ និងសាធារណៈជនគ្រប់ទិសទី ដើម្បីជួយជនរងគ្រោះ កំពុងរងផលប៉ះពាល់ពីគ្រោះទឹកជំនន់។

នៅក្នុងស្ថានភាពគ្រោះមហន្តរាយនេះ ក្រុមហ៊ុន EZECOM បានអំពាវនាវដល់បុគ្គលិករបស់ខ្លួន និងសាធារណៈជនទាំងអស់ ឲ្យចូលរួមបរិច្ចាគទាំងអស់គ្នាជាថវិកា ឬសម្ភារក្តី ដើម្បី «ផ្តល់ក្តីសង្ឃឹមដល់ ជនរងគ្រោះ ពីទឹកជំនន់»។

ចាប់ផ្តើមពីថ្ងៃនេះ រហូតដល់ថ្ងៃអង្គារទី២៧ ខែតុលា សប្បុរសជនទាំងអស់ អាចបរិច្ចាគប្រាក់ទៅកាន់គណនីរៃអង្គាសមូលនិធិ របស់ក្រុមហ៊ុន EZECOM ដែលមាន ពីរគឺ៖ គណនី Wing លេខ 023888181 ដែលមានឈ្មោះ Ezecom Fundraising និងគណនី ABA លេខ 023888181 ដែលមានឈ្មោះ EZECOM CO LTD ។

ក្រុមហ៊ុន EZECOM នឹងផ្សព្វផ្សាយព័ត៌មានអំពីវិភាគទានដែល ទទួលបានទាំងអស់ប្រកបដោយតម្លាភាព មុនពេលបរិច្ចាគទៅដល់គ្រួសាររងគ្រោះ។ សម្រាប់ការបរិច្ចាគជាសម្ភារសប្បុរសជន គ្រាន់តែនាំយកនូវសម្ភារបរិច្ចាគនោះ មកកាន់តុទទួល ភ្ញៀវរបស់ការិយាល័យក្រុមហ៊ុន EZECOM ទាំងបីទីតាំង ក្នុងរាជធានីភ្នំពេញ ជាការស្រេច។

ដើម្បីស្វែងរកទីតាំង ការិយាល័យទាំងនេះ លោកអ្នកអាចស្វែងរក «EZECOM» នៅក្នុងកម្មវិធីផែនទី Google Maps ឬចូលទៅ គេហទំព័រ www.ezecom.com.kh/contact-us (http://www.ezecom.com.kh/contact-us) សម្រាប់ព័ត៌មានលម្អិត។ រាល់ថវិកា និងសម្ភារដែលទទួលបានទាំងអស់ នឹងត្រូវប្រើប្រាស់ដើម្បីជាវគ្រឿងឧបភោគ-បរិភោគ និងថ្នាំសង្កូវ -ល-។

ដើម្បីប្រគល់ជូនពលរដ្ឋរងគ្រោះ ជាច្រើនរយគ្រួសារ ក្នុងខេត្តកណ្តាល នៅថ្ងៃទី២៨ ខែតុលា ឆ្នាំឆ្នាំ២០២០ ខាងមុខនេះ ក្រោមការសម្របសម្រួល ពីសំណាក់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។

លោកស្រី Yuni Lee Heathcote នាយិកាប្រតិបត្តិក្រុមហ៊ុន EZECOM បានថ្លែងថា «នេះគឺជា ពេលវេលាដ៏សំខាន់ ដែលយើងទាំងអស់គ្នា ត្រូវរួបរួមគ្នា ដើម្បីប្រទេសកម្ពុជា។ នៅក្នុងរយៈពេលប៉ុន្មាន សប្តាហ៍នេះ ប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារ ទូទាំងប្រទេសបានរងការប៉ះពាល់ ហើយមនុស្សប្រមាណ២៥នាក់ហើយ ដែលបានបាត់បង់ជីវិត។ រាជរដ្ឋាភិបាលកម្ពុជា បានឆ្លើយតបយ៉ាងរហ័ស និងប្រកបដោយ ប្រសិទ្ធភាពចំពោះគ្រោះមហន្តរាយនេះ ប៉ុន្តែប្រជាជនរងគ្រោះ នៅត្រូវការជំនួយនៅឡើយ»

លោកស្រី Yuni បានបន្ថែមទៀតថា «ក្រុមហ៊ុន EZECOM មិនចង់គ្រាន់តែរៃអង្គាសមូលនិធិក្នុងចំណោម បុគ្គលិក យើងប៉ុណ្ណោះទេ គឺយើងចង់ឆ្លៀតឱកាសនេះ ដើម្បីអំពាវនាវដល់ដៃគូសហការ មិត្តភ័ក្ភិ និង សាធារណៈជន ទាំងអស់គ្នា ឲ្យចូលរួមគ្នាជាធ្លុងមួយជាមួយយើង ដើម្បីផ្តល់ក្តីសង្ឃឹម និងជំនួយចាំបាច់ ទៅដល់ជនរងគ្រោះ ជាច្រើននាក់ដែលកំពុងត្រូវការ។ ការរួមចំណែក របស់យើងម្នាក់ៗមានទំហំតូច ប៉ុន្តែពេលរួមគ្នាច្រើននាក់ យើងអាចសម្រេចអ្វីដែលធំធេងបាន»

ខណៈពេលដែលក្រុមហ៊ុន EZECOM ប្រកាសអំពីមូលនិធិគ្រោះទឹកជំនន់នេះ ក្រុមហ៊ុនក៏ឆ្លៀតឱកាស ជូនដំណឹងដល់អតិថិជនរបស់ខ្លួនផងដែរថា ក្រុមហ៊ុនបានរៀបចំ យន្តការការពារជាច្រើន ដើម្បីបញ្ចៀសបញ្ហា និងការខូចខាតមកលើហេដ្ឋារចនាសម្ព័ន្ធ តភ្ជាប់សំខាន់ៗរបស់ខ្លួន ដូចជា មណ្ឌលចែកចាយ និងខ្សែបណ្តាញជាដើម ដែលអាចបង្កឡើងដោយទឹកជន់លិច ធានាបាននូវសេវាអ៊ិនធឺណិតល្បឿនលឿន និងរលូនឥតអាក់ជូនអតិថិជនដូចធម្មតា។

ក្រុមហ៊ុន ក៏បានរៀបចំក្រុមការងារអន្តរាគមន៍បច្ចេកទេសបន្ទាន់ ដែលត្រៀមខ្លួនជាស្រេចក្នុងការដោះស្រាយ ក្នុងករណីខ្សែបណ្តាញតភ្ជាប់សំខាន់ណាមួយ មានបញ្ហា។

ជាមួយនឹងវិភាគទានពីសំណាក់សប្បុរសជនពីគ្រប់ទិសទី ក្រុមហ៊ុន EZECOM មានសុទិដ្ឋនិយមថា ខ្លួននឹងអាចរៃអង្គាសថវិកាបានច្រើន និងយកទៅជួយដល់គ្រួសារ រងគ្រោះបានច្រើនរយគ្រួសារ។ ដើម្បីទទួលបាន ព័ត៌មានថ្មីចុងក្រោយអំពីសកម្មភាពជួយជនរងគ្រោះ ពីទឹកជំនន់របស់ក្រុមហ៊ុន EZECOM សូមតាមដាន ទំព័រ ហ្វេសប៊ុក www.facebook.com/ezecom/ (http://www.facebook.com/ezecom/)៕