(បន្ទាយមានជ័យ)៖ ដើម្បីជួយដល់ពលរដ្ឋដែលកំពុងតែទទួលរងគ្រោះ ដោយសារតែទឹកជំនន់នៅក្នុងស្រុកមង្គលបូរី «មូលនិធិនៃក្ដីស្រលាញ់» ដឹកនាំដោយលោកស្រី រស់ ផល្លា (ហៅម៉ាក់យាយ) និងកញ្ញា ដួង ម៉ានិច តារាសម្តែងដ៏មានប្រជាប្រិយភាព ដែលមានកំណើតជាអ្នកស្រុកមង្គលបូរី រួមជាមួយនឹងក្រុមការងារ បានរៀបចំចែកអំណោយសង្គ្រោះបន្ទាន់ជូន ពលរដ្ឋគ្រោះចំនួន១៣៥គ្រួសារ (ឃុំបន្ទាយនាង២៤ គ្រួសារសារ, ឃុំគោកបល្ល័ង្គ ៤១គ្រួសារ,ឃុំភ្នំតូច ៧០គ្រួសារ)។

ការនាំយកអំណោយ ចែកជូនដល់ពលរដ្រងគ្រោះខាងលើនេះធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ដែលមានការចូលរួមពីថ្នាក់ដឹកនាំស្រុក សមាជិកក្រុមប្រឹក្សាស្រុក អាជ្ញាធរមូលដ្ឋានបានចូលរួមផងដែរ។

នាឱកាសនោះតារាសម្ដែងកញ្ញា ដួង ម៉ានិច ក៏ជាក្រុមការងារបានថ្លែងនូវការចូលរួមសោកស្តាយ ចំពោះគ្រោះមហន្តរាយធម្មជាតិទឹកជំនន់ កើតមានឡើងនៅឆ្នាំ២០២០នេះ ដែលបានធ្វើឲ្យផ្ទះសំបែង របស់បងប្អូនពលរដ្ឋរងផលប៉ះពាល់ជាច្រើន។ ក្នុងនាមជាអ្នកសិល្បៈមួយរូប នាងបានធ្វើការបួងសួងដល់វត្ថុស័ក្តិក្នុងលោក ជួយថែរក្សាបងប្អូនពលរដ្ឋ ឲ្យជៀសផុតពីគ្រោះធម្មជាតិនាពេលឆាប់ៗខាងមុខនេះ។

ជាមួយនឹងទឹកចិត្តសប្បុរសធម៌នេះដែរ លោកស្រី រស់ ផល្លា កញ្ញា ដួង ម៉ានិច និងក្រុមការងារ ក៏បានបន្តចុះពិនិត្យមើលជាក់ស្តែងពីទិដ្ឋភាព ទីតាំងភូមិសាស្រ្តក្នុងស្រុកមង្គលបូរី និងបាននាំយកអំណោយចែកជូនដល់បងប្អូនតាមខ្នងផ្ទះ ដែលនៅតំបន់ដាច់ស្រយាល ព្រមទាំងបានណែនាំដល់បងប្អូនត្រូវប្រុងប្រយ័ត្ន ចំពោះកូនចៅតូចៗកុំធ្វេសប្រហែសបណ្តែតបណ្តោយ ឲ្យក្មេងលេងទឹកក្រែងកើតមានករណីលង់ទឹកជាមួយ មួយវិញទៀតត្រូវប្រុងប្រយ័ត្នជានិច្ច ចំពោះអសិរពិសជាដើម។

ទន្ទឹមនឹងជាមួយនោះកញ្ញា ដួង ម៉ានិច ក៏បានថ្លែងនូវអំណរគុណចំពោះក្រុមការងារ ក៏ដូចជាសប្បុរសជន ដែលបានចំណាយជាថវិកា និងសម្ភារៈ ចូលរួមចំណែកជួយដល់ពលរដ្ឋ ដែលរងគ្រោះដោយគ្រោះទឹកជំនន់ ថែមទាំងបានចូលរួមទាំងកម្លាំងកាយ ចិត្តក្នុងការចំណាយពេលវេលាចុះចែកអំណោយ ដោយផ្ទាល់មិនគិតពីភាពនឿយហត់។ នាងបន្តថា សម្រាប់កម្មវិធីមនុស្សធម៌នេះ គឺមិនមែនធ្វើតែនៅពេលនេះទេ គឺធ្វើជារៀងរហូតក្នុងការជួយដល់ពលរដ្ឋទីទ័លក្រ គ្មានទីពឹងជាដើម។

គួរបញ្ជាក់ថា សម្រាប់អំណោយក្នុងមួយគ្រួសារទទួលបាន អង្ករ២០គីឡូក្រាម មី១កស, ទឹកត្រី-ទឹកស៊ីអ៊ីវ២យួ, ត្រីខ១យួរ, ទឹកសុទ្ធ៣យួរ និងថវិកា១ម៉ឺនរៀល។ ក្នុងនៅក្រុមការងារ «មូលនិធិនៃក្ដីស្រលាញ់» ក៏បាននាំយកថវិកា២៥ម៉ឺនរៀល ជូនជនពិការ និងទុរគតជន ចាស់ជរា២នាក់ ក្នុងម្នាក់ទទួលបានថវិកា៣០ម៉ឺនរៀល៕