(ញូយ៉ក)៖ ក្រុមហ៊ុនផ្តល់សេវាកម្មទស្សនាកម្សាន្តតាមអនឡាញ Netflix នៅថ្ងៃអង្គារសប្តាហ៍នេះ បានចេញរបាយការណ៍បង្ហាញពីចំនួន Subscriber ថ្មីៗ ដែលវាមានកម្រិតទាបជាងការរំពឹងទុក និងខ្សោយបំផុតក្នុងអំឡុងពេល៤ឆ្នាំមកនេះ ដោយសារតែកំណើនពីគូប្រជែង រួមនិងការដែល វិធានការរឹតត្បិតប្រឆាំងជំងឺ COVID-19 ត្រូវបានបន្ថយវិញ ដែលធ្វើឲ្យមនុស្សលែងសូវនៅផ្ទះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០២០។
ក្នុងត្រីមាសទី៣នៃឆ្នាំ២០២០នេះ Netflix ទទួលបានអ្នកជាវប្រើប្រាស់សេវាកម្មខ្លួន ចំនួន២.២លាននាក់បន្ថែមទៀត នៅជុំវិញពិភពលោក ដែលទាបជាងការព្យាករណ៍ ៣.៤លាននាក់របស់ផ្សារហ៊ុន Wall Street ក៏ដូចជាការព្យារកណ៍របស់ Netflix ខ្លួនឯងផ្ទាល់។ កាលពីត្រីមាសទី១នៃឆ្នាំនេះវិញ គឺចំពេលផ្ទុះរាលដាលឡើងដំបូងនូវជំងឺ COVID-19 ក្រុមហ៊ុន Netflix ទទួលបាន Subscriber ថ្មីៗ រហូតដល់ទៅចំនួន ១៥.៨លាននាក់ឯណោះ។
Netflix ធ្លាប់បានបញ្ជាក់ថា សន្ទុះកើនឡើងនៃចំនួន Subscriber នេះ នឹងអន់ថយទៅវិញនៅកំឡុង៦ខែចុងក្រោយនៃឆ្នាំ២០២០ ស្របពេលដែលវិធានការរឹតត្បិតប្រឆាំង COVID-19 ត្រូវបានបន្ធូរបន្ថយ។ យ៉ាងណាក្តី Netflix ព្យាករណ៍ថា នៅត្រីមាសទី៤ ខ្លួននឹងទទួលបាន Subscriber ៦លាននាក់នៅទូទាំងពិភពលោក ខណៈក្រុមអ្នកវិភាគរំពឹងថា Netflix នឹងទទួលបាន៦.៥១លាននាក់។
គួរជម្រាបថា បច្ចុប្បន្ន Netflix កំពុងព្យាយាមដណ្តើមយកអតិថិជនថ្មីៗ នៅចំពោះមុខការប្រកួតប្រជែងពីក្រុមហ៊ុនដទៃដូចជា Disney និង WarnerMedia និង Amazon ជាដើម ដែលកំពុងមានការគាំទ្រយ៉ាងខ្លាំងក្លាផងដែរនោះ។ ដោយឡែក ខណៈចំនួន Subscriber ថ្មីៗមាន កម្រិតទាបជាងការរំពឹងទុកក៏ដោយ Netflix ទទួលបានប្រាក់ចំណូលកើនឡើង២២.៧ភាគរយ ក្នុងត្រីមាសទី៣ គឺដល់៦.៤៤ពាន់លានដុល្លារ ដែលលើសពីការរំពឹងទុក៕