(វ៉ាស៉ីនតោន)៖ សហរដ្ឋអាមេរិកនៅថ្ងៃអង្គារសប្តាហ៍នេះ បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Google ជាមួយការចោទប្រកាន់ថាក្រុមហ៊ុនតម្លៃ១ទ្រីលានដុល្លារនេះ បាននិងកំពុងប្រើប្រាស់ឥទ្ធិពលរបស់ខ្លួននៅក្នុងទីផ្សារទៅរឹតត្បិតលើគូប្រជែង។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០២០។

ពាក្យបណ្តឹងរបស់ក្រសួងយុត្តិធម៌អាមេរិក មានលទ្ធភាពអាចនាំទៅរកការបំបែកក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះ ដែលដើរតួនាទីស្នូលយ៉ាងសំខាន់ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់មនុស្សរាប់ពាន់លាននាក់ នៅជុំវិញពិភពលោក។ ទោះយ៉ាងណាក្តី លទ្ធផលនៃសំណុំរឿងនេះ គឺពុំទាន់អាចវាយតម្លៃឲ្យជាក់ច្បាស់តែម្តងនោះទេ ហើយវាទំនងជានឹងត្រូវប្រើពេលរាប់ឆ្នាំឯណោះ ទើបអាចដោះស្រាយបាន។

គួរជម្រាបថា ពាក្យបណ្តឹងខាងលើគឺជាលើកដំបូងបំផុត ដែលសហរដ្ឋអាមេរិកបានចាត់វិធានការជាក់ស្តែងប្រឆាំងនឹងក្រុមហ៊ុនបច្ចេកវិទ្យា ដែលមានឥទ្ធិពលដូចជា Google បែបនេះ គិតចាប់តាំងពីអាមេរិកបានប្តឹងក្រុមហ៊ុន Microsoft ពាក់ព័ន្ធការរំលោភច្បាប់ប្រកួតប្រជែងទីផ្សារ កាលពីឆ្នាំ១៩៩៨។ លទ្ធផលនៃសំណុំរឿង Microsoft នាពេលនោះ គឺមិនអាចធ្វើអ្វី Microsoft បានទេ ប៉ុន្តែនៅមុននោះមួយទៀត គឺពាក្យបណ្តឹងរបស់រដ្ឋាភិបាលអាមេរិក ប្រឆាំងនឹងក្រុមហ៊ុនទូរស័ព្ទយក្ស Bell System កាលពីឆ្នាំ១៩៧៤ បានបណ្តាលឲ្យក្រុមហ៊ុននេះ ត្រូវបំបែកខ្លួនជាក្រុមហ៊ុនតូចៗដាច់ដោយឡែកពីគ្នា ដូចជា AT&T, Verizon និង CenturyLink ជាដើម។

នៅសហរដ្ឋអាមេរិក ចន្លោះ៩០-៩៥ភាគរយនៃការស្វែងរកផ្សេងៗលើបណ្តាញអ៉ីនធើណិត គឺត្រូវបានធ្វើឡើងតាមរយៈ Search Engine របស់ Google។ មិនថាតែនៅអាមេរិកទេ ពិភពលោកភាគច្រើនគឺប្រើប្រាស់ Google សឹងតែ១០០ភាគរយទៅហើយ។ ក្រុមហ៊ុនបច្ចេកវិទ្យា យក្សអាមេរិកនេះ ក៏បានរងការពិន័យជាច្រើនលើកនៅក្រៅប្រទេសផងដែរ ដោយប៉ុន្មានឆ្នាំចុងក្រោយនេះ សហភាពអឺរ៉ុបបានពិន័យជាទឹកប្រាក់ម្តងៗរាប់ពាន់លានដុល្លារលើ Google ពាក់ព័ន្ធនឹងការប្រើប្រាស់អំណាចដ៏ធំសម្បើមរបស់ខ្លួននៅក្នុងទីផ្សារ ទៅរឹតត្បិតលើគូប្រជែង៕