(ភ្នំពេញ)៖ ដើម្បីចូលរួមសង្គមសំអាតមូលដ្ឋានឲ្យមានបរិស្ថានល្អ លោកស្រី ហុង ដានី អគ្គនាយិកា ក្រុមហ៊ុនបុរី ប៉េង ហួត គ្រុប នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០នេះ បានផ្តល់រថយន្តចំនួន ២គ្រឿង ដោយមួយគ្រឿងជារថយន្តបោសសំអាតផ្លូវ និងមួយគ្រឿងទៀតជារថយន្តលាងសំអាតផ្លូវ ជូនរដ្ឋបាលខណ្ឌច្បារអំពៅ។
ពិធីប្រគល់ និងទទួលនេះ ធ្វើឡើងនៅសាលាខណ្ឌច្បារអំពៅក្រោមវត្តមានលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ អភិបាលរង លោកនាយករដ្ឋបាល និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។
លោកស្រី ហុង ដានី បានឲ្យថ្លែងថា នេះជាអំណោយសប្បុរសធម៌ជូនចំពោះរដ្ឋបាលខណ្ឌច្បារអំពៅ ដើម្បីបម្រើការងារបោសសំអាត និងលាងផ្លូវ ក្នុងមូលដ្ឋានឲ្យកាន់តែមានសោភ័ណល្អ បន្ថែមទៀត ។
ជាកិច្ចឆ្លើយតបលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោកស្រី ហុង ដានី អគ្គនាយិកា ក្រុមហ៊ុនបុរីប៉េងហួតគ្រុប ដែលបានផ្តល់រថយន្ត ២គ្រឿងនេះ សម្រាប់រដ្ឋបាលខណ្ឌច្បារអំពៅ។
លោក ចេង មុនីរ៉ា បានសង្កត់ធ្ងន់ថា «រថយន្តនេះមានតម្លៃ និងកាន់តែមានសារៈសំខាន់ណាស់ សម្រាប់រដ្ឋបាលខណ្ឌច្បារអំពៅ ក្នុងការចូលរួមចំណែកយ៉ាងសំខាន់ សម្រាប់ការងារបោសសំអាតផ្លូវ និងលាងផ្លូវសម្រាប់មូលដ្ឋាន»។ បើតាមលោកអភិបាលខណ្ឌច្បារអំពៅ កន្លងមក ក្រុមហ៊ុន បុរី ប៉េង ហួត គ្រុប តែងតែជួយដល់រដ្ឋបាលខណ្ឌច្បារអំពៅជាញឹកញាប់ស្ទើរគ្រប់វិស័យ។ ជាមួយគ្នានេះ លោក ចេង មុនីរ៉ា សង្ឃឹមនិងជឿជាក់ថា ក្រុមហ៊ុន បុរី ប៉េង ហួត គ្រុប នឹងនៅតែបន្តជួយដល់រដ្ឋបាលខណ្ឌច្បារអំពៅបន្ថែមទៀត។
ដោយឡែក ដើម្បីលើកទឹកចិត្តដល់កងកម្លាំង ក៏ដូចជាកម្លាំងសណ្តាប់ធ្នាប់ខណ្ឌច្បារអំពៅ លោក ចេង មុនីរ៉ា ក៏បានឧបត្ថម្ភនូវអង្ករ និងទឹកសុទ្ធ ជូនដល់មន្ត្រីក្រោមឱវាទផងដែរ៕