(កំពង់ស្ពឺ)៖ ក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) ដែលដឹកនាំដោយលោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន រួមទាំងបុគ្គលិក នៃក្រុមហ៊ុន អ អិម អេ ខេមបូឌា បាននាំយកអំណោយសប្បុរសធម៌ ជាគ្រឿងឧបភោគបរិភោគជាច្រើន ជូនដល់ប្រជាពលរដ្ឋចំនួន៥០០គ្រួសារ ដែលបានរងគ្រោះដោយសារទឹកជំនន់ ក្នុងសង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
អំណោយទាំងនោះ រួមមាន៖ អង្ករ១០តោន, ទឹកត្រី៥០០យួរ, ទឹកស៊ីអ៊ីវ៥០០យួរ, ត្រីខរកំប៉ុង៥០០យួរ, មុង៥០០, ភួយ៥០០ និងកន្ទេល៥០០។ ក្នុងមួយគ្រួសារ ទទួលបាន៖ អង្ករ ២០គីឡូក្រាម, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ ១យួរ, ត្រីខរកំប៉ុង១យួរ, មុង១, ភួយ១, កន្ទេល១។ ការចុះចែកអំណោយនេះ ដើម្បីឆ្លើយតប និងការជួយ ដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងរងនូវការប៉ះពាល់ នៃទឹកជំនន់ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០។
ឆ្លៀតក្នុងឱកាសនេះ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានថ្លែងថា «ខ្ញុំសូមអរគុណនូវទឹកចិត្តដ៏ថ្លៃថ្លា របស់ក្រុមហ៊ុន អ អិម អេ ខេមបូឌា ដែលបានគិតគូរ ពីប្រជាពលរដ្ឋដែលកំពុងជួបទុក្ខលំបាកមួយនេះ ហើយទង្វើទាំងនេះ ស្តែងឲ្យឃើញថាក្រុមហ៊ុន អ អិម អេ ខេមបូឌា បានចូលរួមយ៉ាងសកម្ម ក្នុងកិច្ចការមនុស្សធម៌ ជួយគ្នាក្នុងគ្រាលំបាក ដោយមិនប្រកាន់នូវវណ្ណៈ ពូជសាសន៍ ពណ៍សំបុរនោះទេ»។
លោក ងន សំាង អគ្គនាយក នៃក្រុមហ៊ុន អ អិម អេ ខេមបូឌា ក៏បានថ្លែងថា «ខ្ញុំជឿជាក់ថាអំណោយទាំងនេះ ពិតជាអាចជួយសម្រួល ដល់ការរស់នៅរបស់បងប្អូន ដែលកំពុងជួបគ្រោះទឹកជំនន់នេះ បានមួយផ្នែកធំ ហើយខ្ញុំសង្ឃឹមថា ទឹកជំនន់នេះ នឹងបាត់ទៅវិញឆាប់ៗនេះ ជូនពរបងប្អូនទំាងអស់គ្នាទទួលបានសុខសុវត្ថិភាព និងជំនះឲ្យបាននូវទុក្ខលំបាកមួយនេះ»។
ក្រៅពីការធ្វើអាជីវកម្ម ក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) បានដើរតួនាទីយ៉ាងសំខាន់ ក្នុងសកម្មភាពមនុស្សធម៌ និងកិច្ចការសង្គមនានាដូចជា៖ ការផ្តល់មួកសុវត្ថិភាព ការកសាងអាគារសិក្សា បណ្ណាល័យ អណ្តូងទឹកស្អាត ឧបត្ថម្ភសម្ភារៈសិក្សា ដាំដើមឈើ ការបរិច្ចាគឈាម និងការផ្ដល់មូលនិធិគាំពារ ដល់មន្ទីរពេទ្យកុមារគន្ធបុប្ផា កម្មវិធី Ford Driving Skills For Life ដែលជាកម្មវិធីបើកវគ្គបណ្តុះបណ្តាលទាក់ទង នឹងការបើកបរ និងប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព ការជួសជុលកែលំអរមជ្ឈមណ្ឌល បណ្ដុះបណ្ដាលបច្ចេកទេស និងកិច្ចការថែរក្សាបរិស្ថានផងដែរ។
ជារៀងរាល់ឆ្នាំ ក្រុមហ៊ុន អ អិម អេ បានចំណាយថវិកាប្រមាណជាង៥០ម៉ឺនដុល្លារ សម្រាប់ការវិនិយោគលើការបណ្ដុះបណ្ដាលបច្ចេកទេស និងជំនាញផ្សេងៗ ដល់បុគ្គលិក និងសិស្សនិស្សិត តាមសាលាបច្ចេកទេសនានា ដើម្បីទទួលបានឱកាសមកសិក្សា និងអនុវត្តន៍ផ្ទាល់ ជាមួយអ្នកឯកទេសរបស់យើង នៅតាមបណ្ដាក្រុមហ៊ុននានា ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អ អិម អេ ខេមបូឌា។
កាលពីឆ្នាំ២០១៩ ក្រុមហ៊ុន RMA Cambodia បានផ្តល់នូវរថយន្ត Ford Pick up ចំនួន១គ្រឿង និងត្រាក់ទ័រ John Deere ចំនួន២គ្រឿងផងដែរ។ មិនតែប៉ុណ្ណោះ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន RMA Cambodia និងក្រុមហ៊ុន Ford បានប្រារព្ធពិធីប្រគល់រថយន្ត Ford ចំនួន៤គ្រឿង និងដាក់ឲ្យដំណើរការ កម្មវិធីបណ្តុះបណ្តាល បច្ចេកវិទ្យារថយន្ត Ford ជូនដល់សាលាបច្ចេកទេសឧស្សាហកម្ម ហើយនៅក្នុងឆ្នាំ២០២០នេះផងដែរ។
ក្រុមហ៊ុន RMA Cambodia ក៏នៅតែបន្តសកម្មភាពនេះដដែលនោះ គឺការបន្តប្រគល់នូវរថយន្ត Ford Pick up ឲ្យបានចំនួន១០ គ្រឿងជូនវិទ្យាស្ថានជាតិ បណ្តុះបណ្តាលបច្ចេកទេស ដែលក្នុងនោះដែរ ប្រគល់ជូនវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) ចំនួន៤គ្រឿង វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ចំនួន២គ្រឿង វិទ្យាស្ថានបច្ចេកទេសបាត់ដំបង (BIT) នៅខេត្តបាត់ដំបងចំនួន២គ្រឿង និងវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ (NPIA) នៅខេត្តសៀមរាប ចំនួន២គ្រឿង៕