(សៀមរាប)៖ ប្រាសាទបន្ទាយសំរែ មានទីតាំងស្ថិតនៅក្នុងភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ខាងកើតបារាយណ៍យសោធរតដាក (បារាយណ៍ខាងកើត) ចម្ងាយប្រហែល ២ គីឡូម៉ែត្រខាងត្បូងផ្លូវចេញពីភូមិព្រះដាក់ទៅភ្នំបូក។

នៅពាក់កណ្ដាលសតវត្សទី១២ ក្នុងរាជ្យព្រះសូរ្យវរ្ម័នទី២ ប្រាសាទនេះត្រូវបានស្ថាបនាឡើងតាមរចនាប័ទ្មអង្គរវត្ត ដើម្បីឧទ្ទិសដល់ព្រះវិស្ណុក្នុងព្រហ្មញ្ញសាសនា។

ប្រាសាទនេះសាងសង់ឡើងពីថ្មភក់ មានថែវយ៉ាងវែងខ្ពស់ព័ទ្ធជុំវិញ ដែលធ្វើពីថ្មបាយក្រៀម តែទ្វារនិងបង្អួចធ្វើពីថ្មភក់ ហើយដំបូលថែវនេះគេជឿជាក់ថាធ្វើពីឈើប្រក់ក្បឿង ឯគ្រឹះខាងក្នុងប្រាសាទ សាងសង់ពីថ្មបាយក្រៀម។

ប្រាសាទបែរមុខទៅទិសខាងកើត មានផ្លូវដើរចូលប្រវែង ២០០ ម៉ែត្រ អមដោយបង្កាន់ដៃនាគ និងចម្លាក់តោមួយគូឈរយាមផ្លូវផងដែរ។

ប្រាសាទបន្ទាយសំរែមានហោត្រៃចំនួន ២ នៅសងខាងផ្លូវចូលទៅកាន់តួប៉មកណ្ដាល។ ហោត្រៃនេះធ្វើពីថ្មភក់មានលម្អទ្វារ ២ គឺទ្វារបញ្ឆោតនៅទិសខាងកើត និងទ្វារចំហបែរទៅទិសខាងលិច។ នៅលើខ្លោងទ្វារទាំងពីរមានលម្អ ហោជាងដោយចម្លាក់ទេវកថា។ ក្បាច់ចម្លាក់ទេវកថាទាំងនោះ ទាក់ទងនឹងព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនា។

ប្រាង្គកណ្តាលប្រាសាទនេះមានរាងជាអក្សរ T ដែលលយចេញទៅទិសខាងកើត និងមានទ្វារចំហមួយ។ ឯទ្វារបីទៀតបែរមុខទៅទិសខាងជើង ខាងត្បូង និងទិសខាងលិច ជាទ្វារបញ្ឆោត ហើយមានក្បាច់ចម្លាក់យ៉ាងល្អនៅលើផ្តែរ និងក្បាច់ចម្លាក់ទេវកថាផ្សេងៗ។

នៅក្នុងប្រាង្គកណ្ដាលនេះមានប្រអប់ថ្មភក់មួយមានគម្របនៅពីលើ និងមានប្រហោងចំពួយមួយនៅផ្នែកខាងក្រោមនៃបាត ដែលគេចាត់ទុកថាជាមឈូសសម្រាប់តម្កល់សាកសព៕

សូមចូលទៅកាន់លីងនេះ៖ https://goo.gl/maps/vYx2rUjr2zX533Gt6