(ភ្នំពេញ)៖ មហាជនខ្មែរគ្រប់រូបស្ទើរតែមិនជឿ ចំពោះការទទួលមរណភាពរបស់លោក ស៉ឺ សោភ័ណ្ឌឬទ្ធី ជាគណៈកម្មការមួយរូបក្នុងកម្មវិធីល្បី «Master Chef Khmer»។ តាមរយៈការធ្វើជាគណៈកម្មការក្នុងកម្មវិធីនេះ លោក រិទ្ធី ទទួលបានការពេញចិត្ត និងគាំទ្រពីមហាជនគ្រប់ទិសទី តែយ៉ាងណាជារឿងអកុសល លោកបានលាចាកលោកនេះទៅហើយ ដោយសាររោគាពាធ។ មហាជនគ្រប់រូប ដែលនិយមតាមដានកម្មវិធីនេះ នៅតែមិនអស់ចិត្តនឹងការស្លាប់របស់លោក ជាពិសេសត្បិតមិនមែនជាសាច់ញាតិ តែគ្រប់គ្នាហាក់សម្តែងក្តីសោកសៅជាខ្លាំង ចំពោះការបាត់បង់ធនធានមនុស្សជំនាញផ្នែកចុងភៅរូបនេះ។

លោក រិទ្ធី ដែលត្រូវបានមហាជនខ្មែរគ្រប់រូបគោរពស្រឡាញ់ កោតសរសើរពីស្នាដៃធ្វើម្ហុបដ៏ល្អឥតខ្ចោះ និងបានចែករំលែកបទពិសោធជាច្រើនដល់បេក្ខជន ចូលរួមប្រឡងក្នុងកម្មវិធី «Master Chef Khmer» បានទទួលមរណភាពកាលពីរាត្រីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ក្នុងវ័យ៤៥ឆ្នាំ ដោយសារជំងឺលើសឈាម និងលើសជាតិស្ករខ្លាំង។ បច្ចុប្បន្នសពរបស់លោកត្រូវបានក្រុមគ្រួសារ រៀបចំធ្វើបុណ្យតាមប្រពៃណីខ្មែរ និងកំពុងតម្កស់នៅគេហដ្ឋាន ដែលស្ថិតនៅបុរីសែនសុខ ក្រាំងធ្នង់ សង្កាត់គោករកា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ នេះបើតាមការបញ្ជាក់របស់ក្រុមការងាររៀបចំកម្មវិធី «Master Chef Khmer» ប្រាប់មក Fresh News Plus នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០។

តាំងពីរាត្រីថ្ងៃទី២០ រហូតមកទល់នឹងពេលវេលានេះ គេសង្កេតឃើញថា អ្នកលេងបណ្តាញសង្គមបានសម្តែងក្តីសោកស្តាយរបស់ពួកគេរៀងៗខ្លួន ចំពោះការបាត់បង់ គណៈកម្មការលោក រិទ្ធី ព្រោះការបាត់បង់រូបលោក ប្រៀបនឹងបាត់បង់ធនធានមនុស្សផ្នែកចុងភៅខ្មែរមួយរូបផងដែរ។

ក្នុងនាមជាដៃគូកម្មវិធី «Master Chef Khmer» ជាមួយគ្នា កញ្ញា Jessica ហាក់ទទួលយកមិនបាននោះទេ នៅដំណើរសោកសៅមួយនេះ។ កញ្ញា បានបង្ហាញអារម្មណ៍ក្នុងបណ្តាញសង្គមថា «តាំងនាមខ្ញុំ ដែលជាដៃគូរនៅក្នុងកម្មវិធីដ៏ល្បីប្រចាំប្រទេសខ្មែរ ដែលជាកម្មវិធី Master Chef Khmer ជា Judge Jessica សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំដល់ បងប្រុសរិទ្ធី (Chef Rithy) ដែលបានលាចាកលោកកាលពីយប់មិញនេះ គាត់ប្រៀបដូចជាគ្រូ ជាបង ជាដៃគូរការងារដ៏ល្អ ហើយក៏ជា Chef មួយរូបដែលមានសម្ថភាពខ្ពស់ផងដែរ ប្អូនសូមអោយបងទៅកាន់សុគតិភព ហើយសូមបួងសួងដល់បងបមានជាតិក្រោយពិត សូមកុំឲ្យបងដូចជាតិនេះអី សូមឲ្យមានសុខភាពល្អ ព្រមទាំងអាយុវែងផងដែរ»

កញ្ញា បន្តថា «ប្អូនពិតជាសោកស្តាយខ្លាំងណាស់ ចំពោះការបាត់បង់រូបបង ប្រៀបដូចជាការបង់ធនធានមនុស្ស ដែលមានសម្ថភាពដ៏ល្អមួយរូប ជាចុងក្រោយបងរិទ្ធី នៅតែស្ថិតក្នុងការចងចាំប្អូន និងប្រជាពលរដ្ឋទូទាំងប្រទេស»

Fresh News Plus សូមចូលរួមរំលែកទុក្ខចំពោះក្រុមគ្រួសារសពលោក ស៉ឺ សោភ័ណ្ឌឬទ្ធី និងសូមឲ្យវិញ្ញាណក្ខន្ធរបស់លោក បានទៅកាន់ទីស្ងប់ស្ងាត់កុំបីឃ្លៀងឃ្លៀតឡើយ៕