(ភ្នំពេញ)៖ ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-Hun Sen Cup លើកទី១៤ (ថ្នាក់ជាតិ) ឆ្នាំ២០២០ បានរកឃើញបេក្ខភាពវគ្គផ្ដាច់ព្រ័ត្រ ១ក្រុមហើយ គឺក្រុមណាហ្គាវើលដ៏ បន្ទាប់ពីយកឈ្នះភ្នំពេញក្រោន ដោយការទាត់បាល់ប៉េណាល់ទីកាត់សេចក្ដី ៣-១ ក្រោយប្រកួត ៩០នាទីពេញស្មើគ្នា ០-០ ក្នុងជំនួបវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៅពហុកីឡដ្ឋានជាតិដែលទើបបញ្ចប់ការប្រកួតមុននេះ។

ជំនួបដ៏តានតឹងនេះ ក្រុមទាំងពីរបានបើកការវាយសម្រុកគ្នាពេញ ៩០នាទី តែមិនអាចបំប៉ោងសំណាញ់ទីគ្នាបានឡើយ។ ក្រោយរក្សាលទ្ធផល ០-០ រហូតដល់ចប់ការប្រកួត គណៈកម្មការបានសម្រេចកាត់សេចក្ដីដោយការទាត់បាល់ប៉េណាល់ទី មិនមានការបន្ថែម ១៥នាទី ២ដងឡើយ។ ជាលទ្ធភាពក្រុមណាហ្គាវើលដ៏បញ្ចប់ទីបាន ៣គ្រាប់ ខណៈភ្នំពេញក្រោន តែរកបាន ១គ្រាប់ប៉ុណ្ណោះ។

ជ័យជម្នះនេះ នាំឲ្យអតីតក្រុមជើងឯកឆ្នាំ២០១៣ ណាហ្គាឡើងវគ្គផ្ដាច់ព្រ័ត្រមុន ដោយឈរចាំគូប្រកួត រវាងក្រុមវិសាខា និងខេត្តព្រៃវែង ដែលនឹងត្រូវប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនាម៉ោង ៦ល្ងាច ថ្ងៃទី២២ ខែតុលាស្អែក នៅពហុកីឡដ្ឋានជាតិ។ នេះជាលើកទី៧ ហើយ ដែលណាហ្គាបានឡើងវគ្គផ្ដាច់ព្រ័ត្រពានប្រើប្រាស់តែធនធានកីឡាករក្នុងស្រុកនេះ។

សូមបញ្ជាក់ថា ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន លើកទី១៤ ឆ្នាំ២០២០ គ្រោងនឹងធ្វើឡើង នាថ្ងៃទី០៧ ខែវិច្ឆិកាខាងមុខនៅពហុកីឡដ្ឋានជាតិ៕