(ភ្នំពេញ)៖ លោក កែវ សុខង៉ន អ្នកចាត់ការក្រុមភ្នំពេញក្រោនបានសោកស្ដាយជាខ្លាំង ក្រោយប្រវត្តិច្រំដែលធ្លាក់ត្រឹមវគ្គពាក់កណ្ដាលផ្ដាលផ្ដាច់ព្រ័ត្រ ២ឆ្នាំជាប់គ្នាដោយសារបាល់ប៉េណាល់ទី នៃពានសម្ដេចតេជោ ហ៊ុន សែន-Hun Sen Cup។ លោកថា បើសិនមានម៉ោងបន្ថែម ១៥នាទី ២ដង ក្រោយប្រកួតស្មើគ្នា ម៉្លោះក្រុមខ្លួនអាចនឹងមានឱកាសច្រើនជាងណាហ្គាវើលដ៏ ហើយលោក មាស ចាន់ណា ក៏ឯកភាពនឹងការលើកឡើងនេះដែរ។

អ្នកចាត់ការក្រុមវ័យក្មេងខាងលើបន្ដថា «ខ្ញុំគិតថា បើសិនជាមាន ១៥នាទី ២ដង ខ្ញុំគិតថា ឱកាសកូនក្រុមរបស់ខ្ញុំនឹងធ្វើបានល្អ និងមានឱកាសបន្ថែមទៀត។ ខ្ញុំឃើញណាហ្គាកម្លាំងធ្លាក់ចុះមែនទែន នៅចុងតង់ ប៉ុន្ដែយើងដឹងស្រាប់ យើងបានកំណត់ច្បាស់រួចហើយ ដែលយើងប្រជុំ យើងដឹងហើយថា យើងលេងចប់ ៩០នាទី (បើស្មើគ្នា) ត្រូវប៉េណាល់ទី។ ជាការពិតបើមាន ១៥នាទី ២ដង ប្រហែលកាន់តែល្អមើល ហើយកូនក្រុមបង្កើតឱកាសច្រើនជាងហ្នឹងទៀត»។

យ៉ាងណាមិញភ្នំពេញក្រោន បានត្រឹមខកចិត្តជាថ្មី ដ្បិតកាលពីឆ្នាំ២០១៩ ពួកគេក៏បានធ្លាក់ត្រឹមវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្រោយទាត់ប៉េណាល់ទីចាញ់ក្រុមព្រះខ័នរាជស្វាយរៀង ៥-៤ បន្ទាប់ពីប្រកួត ៩០នាទីស្មើគ្នា ០-០ ដូចយប់មិញដែរ។ លោក កែវ សុខង៉ន រំពឹងថា នារដូវកាលក្រោយ ក្រុមខ្លួននឹងពង្រឹងសមត្ថភាព គំនិត និងបច្ចេកទេសថ្មីៗបន្ថែមទៀត ដើម្បីស្វែងរកចំណាត់ថ្នាក់ល្អ ឈានទៅដណ្ដើមជើងឯក កុំឲ្យជួបប្រវត្តិច្រំដែលដូច ២រដូវកាលមុន។

ជាមួយការលើកឡើងរបស់អ្នកចាត់ក្រុមភ្នំពេញក្រោនខាងលើ លោក មាស ចាន់ណា បានគាំទ្រ និងទទួលស្គាល់ថា នៅចុងម៉ោងក្នុងជំនួបដ៏តានតឹង នៅពហុកីឡដ្ឋានជាតិយប់មិញ លោកពិតជាបានផ្លាស់ប្ដូរកីឡាករច្រើន ក្នុងគោលបំណងទប់ទល់ និងត្រៀមការទាត់ប៉េណាល់ទីកាត់សេចក្ដី។ ជាការពិតការប្រកួតបានឈានដល់វគ្គបុកពោះពិតមែន បន្ទាប់ពីការប្រកួតមិនមានការបន្ថែមម៉ោង ១៥នាទី ២ដង នាំឲ្យណាហ្គាយកឈ្នះភ្នំពេញក្រោន ៣-១ ក្នុងការទាត់ប៉េណាល់ទីតែម្ដង។

គ្រូបង្វឹកកម្រិត A-License និយាយថា «សុខង៉ន និយាយត្រូវ ខ្ញុំគិតថា ១០នាទីចុងក្រោយ នៅតែលេងជាមួយគ្នាបាន វាយបកទៅវិញទៅមក ព្រោះខ្ញុំបានប្ដូរកីឡាករតំបន់លើ ដើម្បីឲ្យមានឱកាសប្រយុទ្ធ តែនៅ ៥នាទីចុងក្រោយ ខ្ញុំផ្លាស់ប្ដូរទៅរកកន្លែងប៉េណាល់ទីវិញ រង់ចាំដល់ប៉េណាល់ទីវិញ ដោយសារយើងមើលស្ថានភាពពេលហ្នឹង គេគ្រប់គ្រងយើងខ្លាំង ចឹងហើយយើងត្រូវរកឱកាសទាត់ប៉េណាល់ទីវិញ ដោយសារប៉េណាល់ទីយើងបានហាត់ច្រើនសារ...»

លោកបន្ដថា «ម្យ៉ាងយើងមើលទៅ ស៊ូ យ៉ាទី ជាកីឡាករមានបទពិសោធ ដែលតែងតែនាំលាភមកឲ្យខ្ញុំនៅពេលយើងប៉េណាល់ទី។ ណាមួយកីឡាករខ្ញុំចាស់ៗច្រើន គាត់មានបទពិសោធន៍ទាត់ប៉េណាល់ទី ទាក់ទងនឹងបេះដូងមនុស្សដែលខ្ញុំរើសមកទាត់ ១១ម៉ែត្រចុងក្រោយ គឺមនុស្សដែលមានបេះដូងខ្លាំង។ ចឹងហើយខ្ញុំត្រូវតែដាក់គាត់ និងរំពឹងពួកគេធ្វើបានល្អនៅប៉េណាល់ទី ដោយសារបទពិសោធ បេះដូង រួមទាំងការមានអ្នកចាទីល្អផង»។

គួរដឹងថា បច្ចុប្បន្នក្រុមណាហ្គាវើលដ៏ ត្រូវឈរចាំនៅវគ្គផ្ដាច់ព្រ័ត្រនៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន លើកទី១៤ ឆ្នាំ២០២០ ដោយរង់ចាំរវាងក្រុមវិសាខា និងខេត្តព្រៃវែង ដែលនឹងធ្វើការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនាម៉ោង ៦ល្ងាចនេះ។ ចំពោះការប្រកួតវគ្គផ្ដាច់ព្រ័ត្រវិញ គ្រោងនឹងប្រកួតនាថ្ងៃទី០៧ ខែវិច្ឆិកាខាងមុខនៅពហុកីឡដ្ឋានជាតិ៕