(ភ្នំពេញ)៖ ភូមិកីឡា ឬបុរីកីឡា (Sport Village) ដើម្បីជាកន្លែងត្រៀមស្វាគមន៍ប្រតិភូ និងអត្តពលិកចូលរួមការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា បានដំណើរការសាងសង់ហើយ ដោយគោរពតាមនិយាមស្ដង់ដារ នៃពហុកីឡដ្ឋានជាតិមរតកតេជោ អមដោយប្រណិតភាពខ្ពស់ ដែលកម្ពុជារំពឹងថា នឹងមានលក្ខណៈល្អប្រសើរ ហើយលេចធ្លោជាងស៊ីហ្គេមមុនៗ ដែលកម្ពុជាធ្លាប់បានចូលរួមទៀតផង។

នេះបើតាមការលើកឡើងរបស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ក្រោយបញ្ចប់កិច្ចប្រជុំប្រចាំសប្ដាហ៍របស់គណៈអចិន្ដ្រៃយ៍ CAMSOC នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រោមវត្តមានលោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍ CAMSOC នៅព្រឹកថ្ងៃទី២២ ខែតុលានេះ។

កិច្ចប្រជុំខាងលើ បានផ្ដោតលើរបៀបវារៈចំនួន២ ទី១-គឺការធ្វើបទបង្ហាញគម្រោងសាងសង់ភូមិកីឡារបស់ក្រុមហ៊ុន World Bridge Sport Village និងទី២-ជជែកពីកម្មវិធីលម្ពិត ស្ដីពីពិធីថ្វាយភ្លើងអាទិទេពកីឡា និងពិធីរត់ភ្លើងគប់កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។ ពាក់ព័ន្ធនឹងគម្រោងសាងសង់ភូមិកីឡា តំណាងក្រុមហ៊ុនដដែល បានបង្ហាញនូវស្ដង់ដាររួមមួយ ដើម្បីត្រៀមស្វាគមន៍ព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រខាងលើ។

លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា ភូមិកីឡា កំពុងសាងសង់លើផ្ទៃដីប្រមាណ ៨ហិតា ខាងក្រោយពហុកីឡដ្ឋានជាតិមរតកតេជោ ដោយសាងសង់ជាបន្ទប់ និងខុនដូសរុបជាង ១,៧០០បន្ទប់ បំពាក់ដោយគ្រឿងបរិក្ខាទំនើបៗ ហើយជាតំបន់បៃតង ដែលមានទីធ្លារធំទូលា មានផ្សារ និងសាលធំៗអាចប្រកួតកីឡាបាន។ មួយទៀត ក៏មានរៀបចំសារមន្ទីរស៊ីហ្គេម ដើម្បីផ្ទុកនូវអនុស្សាវរីយ៍ ដែលកម្ពុជាធ្លាប់ដណ្ដើមបានពីស៊ីហ្គេមផងដែរ។

លោកថា «ភូមិកីឡានេះ បានកំណត់ហើយ គឺថាបានចាប់ផ្ដើមបុកគ្រឹះ ចាប់ផ្ដើមសាងសង់ហើយ រហូតដល់ខែធ្នូ ឆ្នាំ២០២២ ទើបប្រគល់មក CAMSOC ធ្វើការប្រើប្រាស់រៀបចំត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ ដែលមានកីឡាករ-កីឡាការិនីប្រមាណជាង ៧,០០០នាក់ បូកជាមួយនឹងមន្ដ្រីកីឡា និងប្រតិភូផ្សេងៗ ប្រមាណ ៣,០០០នាក់ទៀត ចឹងសរុបអាច ១ម៉ឺននាក់ នៅក្នុងភូមិកីឡាតែមួយ ងាយស្រួលក្នុងការថែរក្សាសុវត្ថិភាព កន្លែងហូបចុករួមគ្នា និងងាយស្រួលក្នុងការដឹកជញ្ជូន»

«នេះគឺជាក្ដីសង្ឃឹមមួយ និងស្ដង់ដារនៃការត្រៀមរៀបចំស៊ីហ្គេម ស្ដង់ដារក្នុង Mega Sport Event នៅក្នុងបណ្ដាប្រទេសមួយចំនួន ហើយយើងធ្វើនេះឃើញថា មានលក្ខណៈជាគំរូមួយ ហើយកម្ពុជាមានភូមិកីឡាដ៏ល្អ មានបន្ទប់ល្អ ជាខុនដូលក្ខណៈបែបនេះ គឺថាអាចលើសពីអ្វី ដែលស៊ីហ្គេមនៅប្រទេសផ្សេងៗទៀតផង យើងឃើញថា របៀបនៃការរៀបចំនេះ ហើយលក្ខណៈសោភ័ណ្ឌភាពនៃបន្ទប់ ប្រព័ន្ធផ្សេងៗ ក្នុងភូមិកីឡានេះ គឺល្អប្រណិតមែនទែន»។ លោក វ៉ាត់ ចំរើន បន្ថែម។

រដ្ឋលេខាធិការក្រសួងទេសចរណ៍ដដែល សង្កត់ធ្ងន់ថា «យើងឃើញស្ដង់ដារ នៃការរៀបចំភូមិកីឡានេះ អាចឃើញថា ប្រសើរជាងប្រទេសផ្សេងៗទៀត ដែលយើងធ្លាប់ចូលទៅស៊ីហ្គេមមុនៗ។ នេះគឺជាមោទនភាពមួយ នៅក្នុងស៊ីហ្គេមលើកនេះ ស៊ីហ្គេមនៅកម្ពុជា ថ្វីដ្បិតតែកម្ពុជាធ្វើលើកទី១ មែន តែការត្រៀមលក្ខណៈសម្បត្តិជាម្ចាស់ផ្ទះមានភាពលេចធ្លោ ហើយអាចមានភាពទាក់ទាញជាហ្គេមមួយដែលធ្វើឲ្យមានទំនុកចិត្តដល់អ្នកចូលរួមយ៉ាងខ្លាំង»

សូមបញ្ជាក់ថា ភូមិកីឡា ឬ Sport Village គឺជាកន្លែងស្នាក់នៅ និងហូបចុករួមដ៏ធំមួយ ដើម្បីត្រៀមស្វាគមន៍ប្រតិភូ និងអត្តពលិក ត្រៀមប្រកួតកីឡាស៊ីហ្គេមនៅកម្ពុជា ដែលរាជរដ្ឋាភិបាល បានផ្ដស់សិទ្ធដល់ក្រុមហ៊ុន World Bridge Sport Village ដើម្បីសាងសង់ឲ្យរួចរាល់មុនស៊ីហ្គេម ឆ្នាំ២០២៣។ តាមគម្រោងក្រុមហ៊ុនបានសន្យាថា នឹងបញ្ចប់ការសាងសង់គម្រោងនេះ នៅអំឡុងដំណាច់ឆ្នាំ២០២០ មុនប្រគល់ឲ្យ CAMSOC ប្រើប្រាស់៕