(ភ្នំពេញ)៖ ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-Hun Sen Cup លើកទី១៤ (ថ្នាក់ជាតិ) ឆ្នាំ២០២០ បានរកឃើញបេក្ខភាពឡើងបង្គ្រប់កៅអីវគ្គផ្ដាច់ព្រ័ត្រហើយ គឺក្រុមវិសាខា ក្រោយយកឈ្នះក្រុមជម្រើសខេត្តព្រៃវែង ដោយការទាត់បាល់ប៉េណាល់ទីកាត់សេចក្ដី ៩-៨ បន្ទាប់ពីប្រកួត ៩០នាទីស្មើគ្នា ១-១ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៅពហុកីឡដ្ឋានជាតិដែលទើបបញ្ចប់ការប្រកួតមុននេះ។
ការប្រកួតត្រូវបានអ្នកគាំទ្រឲ្យឈ្មោះថា “សង្គ្រាមបងប្អូន” នេះ ដើមវគ្គទី១ វិសាខា បានដាក់សម្ពាធលើក្រុមសិស្សប្អូនខេត្តព្រៃវែងជាខ្លាំង តែមិនអាចបំប៉ោងសំណាញ់ទីក្រុមជើងឯកពានសម្ដេចតេជោថ្នាក់ខេត្តនេះបានឡើយ ។ ផ្ទុយទៅវិញ ខេត្តព្រៃវែង ដែលទទួលបានឱកាសម្ដងម្កាល បានវាយបករហូតរកបានគ្រាប់នាំមុខ ១គ្រាប់មុន នៅនាទី១៦ ដែលធ្វើសម្រេចដោយកីឡាករ វុធ តុលា ។
វិសាខា បានរង់ចាំដល់នាទី៣៧ ទើបមានឱកាសរកបានគ្រាប់តាមស្មើវិញ ដែលទាត់ពីចម្ងាយដោយកីឡាករ កែវ សុខផេង ។ ចូលវគ្គទី២ វិសាខាមានឱកាសទាត់បាល់ពិន័យ ១១ម៉ែត្រ តែកីឡាករ ស៊ិន កក្កដា ធ្វើមិនបានសម្រេច ។ យ៉ាងមិញលទ្ធផល ១-១ បានរក្សារហូតដល់ចប់ ៩០នាទី ដែលឈានដល់ការទាត់បាល់ប៉េណាល់ទីកាត់សេចក្ដី ក្រុមវិសាខា បានយកឈ្នះខេត្តព្រៃវែង ៩-៨ ដើម្បីឡើងវគ្គផ្ដាច់ព្រ័ត្រតែម្ដង បន្ទាប់ពីទាត់ចំនួន ១០លើក ។
នេះជាលើកដំបូងហើយ ដែលក្រុមវិសាខា បើកកំណត់ត្រាឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ដោយត្រូវឡើងទៅជួបអតីតក្រុមជើងឯកឆ្នាំ២០១៣ ណាហ្គាវើលដ៏ នៅវគ្គផ្ដាច់ព្រ័ត្រ នាថ្ងៃទី០៧ ខែតុលាខាងមុខ ហើយនៅថ្ងៃជាមួយគ្នានោះ ក្រុមជម្រើសខេត្តព្រៃវែង ក៏នឹងត្រូវជួបក្រុមភ្នំពេញក្រោន ដើម្បីដណ្ដើមចំណាត់ថ្នាក់លេខ៣ ផងដែរ៕