(បរទេស)៖ បច្ចុប្បន្ន វិស័យសារព័ត៌មានពិតជាមានការពេញនិយមខ្លាំងណាស់សម្រាប់ពិភពលោកយើងនេះ រហូតដល់ប្រទេសមួយចំនួនបានចែងច្បាប់ថា អំណាចសារព័ត៌មាន ជាអំណាចធំមួយក្នុងចំណោមអំណាចធំៗទាំងបួន រីឯប្រទេសមួយចំនួនទៀត ទោះបីមិនមានការចែងច្បាប់យ៉ាងនេះក៏ដោយ ក៏គេចាត់ទុកវិស័យសារព័ត៌មាន ក៏ជាវិស័យមានឥទ្ធិពលមួយផងដែរ។
តើអ្នកដឹងទេថាប្រវត្តិសារព័ត៌មាន ឬកាសែតនេះមានដំណើរដើមទងយ៉ាងដូច្នេះ ហើយកកើតឡើងដំបូងនៅប្រទេសណា?
ជាការពិតណាស់ កាសែតមានប្រវត្តិយ៉ាងហោចណាស់ ៥ សតវត្សរ៍មកហើយ។ ការបោះពុម្ពកាសែតលើកដំបូងបានកើតឡើងនៅក្នុងប្រទេសអាល្លឺម៉ង់ នាចុងសតវត្សរ៍ទី១៥ ដែលត្រូវបានបោះពុម្ពក្នុងទម្រង់ជាសារព័ត៌មានខ្លី ឬជាសន្លឹកធំៗ។
ជានិច្ចកាលគេបានរំលេចនូវមាតិកាគួរឱ្យភ្ញាក់ផ្អើលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សង្គ្រាម ស្ថានភាពសេដ្ឋកិច្ច ទំនៀមទម្លាប់សង្គម និងការចាប់អារម្មណ៍របស់មនុស្សជាតិជាដើម។
ក្នុងពាក្យនិយាយរបស់ជនជាតិអង់គ្លេស កាសែតដំបូងបង្អស់ត្រូវបានសរសេរ និងអានថា «Corantos» ខណៈការសរសេរកាសែតខ្លីៗនាពេលនោះ គឺសរសេរដោយដៃសុទ្ធសាធ។
ការបោះពុម្ពកាសែតដែលទទួលជោគជ័យលើកដំបូង គឺកាសែត The Weekly News នៅក្នុងឆ្នាំ១៦២២។ រីឯកាសែតពិតប្រាកដដំបូងគេជាភាសាអង់គ្លេស គឺកាសែត the London Gazette នៅក្នុងឆ្នាំ១៦៦៦។
ទោះជាយ៉ាងណា ប្រវត្តិនៃការបោះពុម្ពអាចមានប្រវត្តិរាប់ពាន់ឆ្នាំកន្លងមកហើយ គឺនៅពេលដែលប្រជាជននៅមជ្ឈិមបូព៌ាបានរៀនបញ្ជូនព័ត៌មានតាមការរចនាចម្លាក់នៅលើដីឥដ្ឋសើម។ សព្វថ្ងៃនេះ រូបភាពនៃការបោះពុម្ពកាសែតតែងមាននៅក្នុងសៀវភៅ ទស្សនាវដ្ដី និងកាសែតតាមប្រព័ន្ធអេឡិចត្រនិក ដែលយើងហៅសាមញ្ញថា កាសែតអនឡាញ៕